ឯកឧត្តមបណ្ឌិត សោម រតនា៖ ជោគជ័យនៃការស្រាវជ្រាវ មិនអាស្រ័យតែលើគុណភាពបច្ចេកទេសទេ ប៉ុន្តែត្រូវមានផែនការច្បាស់លាស់ទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្មឱ្យបានត្រឹមត្រូវ
សៀមរាប៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP2) បានអញ្ជើជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «សៀវភៅណែនាំប្រតិបត្តិស្រាវជ្រាវ» ដែលរៀបចំឡើងដោយនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត និងនវានុវត្តន៍ នៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងដោយមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ១៥ មកពីទូទាំងប្រទេស។




ក្រៅពីការបញ្ជាក់ពីភាពចាំបាច់ក្នុងការកែលម្អគុណភាពនៃការស្រាវជ្រាវ ឯកឧត្តមប្រធានគណៈអធិបតីបានគូសបញ្ជាក់ថា ការសម្រេចបាននូវគោលដៅស្រាវជ្រាវ មិនអាស្រ័យ តែលើគុណភាពបច្ចេកទេស នៃការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការរៀបចំផែនការច្បាស់លាស់ ការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្មឱ្យបានត្រឹមត្រូវ ក៏ដូចជាការតាមដានជាប្រចាំ និងការរាយការណ៍ ដែលមានភាពទាន់ពេលវេលា និងអាចផ្ទៀងផ្ទាត់បាន។
ជាអនុសាសន៍ដល់អង្គពិធី ឯកឧត្តម ក៏បានជំរុញឲ្យគ្រឹះស្ថានឧត្តមសិក្សាពង្រឹងការសម្របសម្រួលផ្ទៃក្នុងរវាង គណៈកម្មការស្រាវជ្រាវរបស់សាកលវិទ្យាល័យ (URC) អង្គភាពហិរញ្ញវត្ថុ អង្គភាពលទ្ធកម្ម និងក្រុមអ្នកស្រាវជ្រាវ ដើម្បីឱ្យការអនុវត្តសកម្មភាព និងការប្រើប្រាស់ថវិកាមានភាពស៊ីសង្វាក់គ្នានិងរលូន។ ការបំពេញតួនាទី និងការទទួលខុសត្រូវរបស់មន្ត្រីពាក់ព័ន្ធឱ្យបានច្បាស់លាស់ នឹងជួយកាត់បន្ថយ ការយឺតយ៉ាវ និងបញ្ហាប្រឈមក្នុងដំណើរការអនុវត្តគម្រោងផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអ្នកទទួលបន្ទុកគម្រោង ប្រើប្រាស់ប្រព័ន្ធ PRMIS ឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីកត់ត្រា និងតាមដានវឌ្ឍនភាពការងារ ហើយព័ត៌មានដែលបានបញ្ចូលក្នុងប្រព័ន្ធ និងរបាយការណ៍តាមកាលកំណត់ គួរតែមានភាពត្រឹមត្រូវ ពេញលេញ និងស្របតាមសកម្មភាពជាក់ស្តែង។

















