កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ លើសូចនាករបរិស្ថាននៃសន្ទស្សន៍ពាណិជ្ជកម្មឆ្នាំ២០២៦ ក្នុងចំណោមសេដ្ឋកិច្ច ៣០ លើពិភពលោក!


កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ លើសូចនាករបរិស្ថាន នៃសន្ទស្សន៍ពាណិជ្ជកម្មប្រកបដោយចីរភាពឆ្នាំ២០២៦ (Sustainable Trade Index 2026) ដោយបានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ពីចំណាត់ថ្នាក់លេខ១៧ កាលពីឆ្នាំមុន ដែលបង្ហាញពីវឌ្ឍនភាពក្នុងការពង្រឹងស្តង់ដារបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Visual Capitalist កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បង្ហាញថាសន្ទស្សន៍ពាណិជ្ជកម្មប្រកបដោយចីរភាព Hinrich-IMD ឆ្នាំ២០២៦ បានវាយតម្លៃសេដ្ឋកិច្ចចំនួន៣០ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ពាក់ព័ន្ធ តាមរយៈសូចនាករចំនួន៧៩ ដោយផ្អែកលើសសរស្តម្ភសំខាន់ៗចំនួន៣ រួមមាន សមត្ថភាពសេដ្ឋកិច្ច សុខុមាលភាពសង្គម និងការគ្រប់គ្រងបរិស្ថាន។

ជាមួយគ្នានេះ ក្នុងចំណោមចំណាត់ថ្នាក់ផ្នែកបរិស្ថាន ប្រទេសនូវែលសេឡង់ ឈរនៅលេខ១ ចក្រភពអង់គ្លេសលេខ២ និងកម្ពុជាលេខ៣ នាំមុខហុងកុង ម៉ិកស៊ិក និងសិង្ហបុរី។ ក្រៅពីកម្ពុជា ហុងកុងក៏បានកើនឡើងពីលេខ៨ មកលេខ៤ ខណៈវៀតណាមបានឡើងពីលេខ១៣ មកលេខ៨ ផងដែរ។

ចំពោះសសរស្តម្ភផ្នែកសង្គមវិញ អូស្ត្រាលី កាណាដា និងនូវែលសេឡង់ ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៣ ខណៈចក្រភពអង់គ្លេស តៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុន ក៏ទទួលបានលទ្ធផលល្អផងដែរ។

ដោយឡែក ផ្នែកសមត្ថភាពសេដ្ឋកិច្ច សិង្ហបុរីឈរនៅចំណាត់ថ្នាក់លេខ១ បន្ទាប់មកសហរដ្ឋអាមេរិក ហុងកុង ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង។ តៃវ៉ាន់ និងឥណ្ឌា ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងសសរស្តម្ភនេះផងដែរ។

ជាលទ្ធផលសន្ទស្សន៍នេះបានបង្ហាញថា ការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព មិនត្រឹមតែអាស្រ័យលើកំណើនសេដ្ឋកិច្ច និងសមត្ថភាពនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការការយកចិត្តទុកដាក់លើសុខុមាលភាពសង្គម ការគ្រប់គ្រងធនធានធម្មជាតិ និងការការពារបរិស្ថានក្នុងរយៈពេលវែងផងដែរ។

ប្រភព៖ Visual Capitalist