ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto សម្តែងការសុំទោសជាផ្លូវការទៅកាន់សិង្ហបុរី និងម៉ាឡេស៊ី ជុំវិញបញ្ហាផ្សែងអ័ព្ទភ្លើងឆេះព្រៃ និងប្តេជ្ញាចាត់វិធានការម៉ឺងម៉ាត់លើក្រុមហ៊ុនពាក់ព័ន្ធ
កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានសម្តែងការសុំទោសក្នុងនាមរដ្ឋាភិបាលរបស់លោក ទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ចំពោះផលប៉ះពាល់ទាំងឡាយដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី ទៅលើប្រជាជននៃប្រទេសជិតខាងទាំងពីរ។ យោងតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីឥណ្ឌូនេស៊ី ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំមួយនៃកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីម៉ានីល។




លោកប្រធានាធិបតី Prabowo បានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបាន និងកំពុងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនទាំងឡាយណាដែលមានការពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃនេះ ទន្ទឹមនឹងការត្រៀមរៀបចំបង្កើតស្ថាប័នថ្មីមួយ ដើម្បីពង្រឹងការងារបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ឥណ្ឌូនេស៊ីបានបង្ហាញភាពស្មោះត្រង់ និងបើកចំហយ៉ាងខ្លាំងក្នុងការរៀបរាប់អំពីចំណាត់ការនានាដែលខ្លួនបានអនុវត្តដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ។ លោកស្រីបានបញ្ជាក់បន្ថែមថា បណ្តាថ្នាក់ដឹកនាំអាស៊ានក៏បានលើកទឹកចិត្តដល់រដ្ឋជាសមាជិកទាំងអស់ ឱ្យផ្តល់អាទិភាពដល់ការផ្តល់សច្ចាប័នលើមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានស្តីពីការត្រួតពិនិត្យការបំពុលផ្សែងអ័ព្ទឆ្លងដែនផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ីកំពុងប្រឈមមុខនឹងគ្រោះភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះ ដែលបានបំផ្លិចបំផ្លាញផ្ទៃដីព្រៃឈើយ៉ាងធំធេង ជាពិសេសនៅលើកោះស៊ូម៉ាត្រា (Sumatra) កោះបរណេអូ (Borneo) និងកោះប៉ាពួ (Papua)។
ប្រភព៖ Reuters

















