ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បង្ហាញទស្សនវិស័យកម្ពុជាលើកិច្ចការពារក្រុមងាយរងគ្រោះ ការជំរុញសេដ្ឋកិច្ចឌីជីថល និងតួនាទីយុវជន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩


(ម៉ានីល)៖ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជំនួបសំខាន់ៗចំនួន៣ រវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងតំណាងយុវជនអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ក្នុងជំនួបជាមួយតំណាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) អង្គជំនួបបានស្តាប់សេចក្តីថ្លែងការណ៍របស់ប្រធាន AIPA លើកទី៤៧ និងជាប្រធានសភាតំណាងរាស្ត្រហ្វីលីពីន ព្រមទាំងមតិយោបល់ពីថ្នាក់ដឹកនាំអាស៊ាន និងប្រមុខគណៈប្រតិភូសភាសមាជិក AIPA។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ AIPA ដែលបាននាំយកសំឡេងរបស់ប្រជាជនមកក្នុងកិច្ចការរបស់អាស៊ាន។ ឯកឧត្តមបានគូសបញ្ជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងអំពាវនាវឱ្យអាស៊ាន និង AIPA បន្តសហការក្នុងការការពារក្រុមងាយរងគ្រោះ រួមមានស្ត្រី ពលករចំណាកស្រុក និងមនុស្សចាស់ ព្រមទាំងពង្រឹងភាពធន់លើសន្តិសុខស្បៀង ថាមពល សុខាភិបាលសាធារណៈ និងបរិយាបន្នឌីជីថល តាមរយៈការអនុវត្តគោលនយោបាយ និងច្បាប់ជាតិប្រកបដោយប្រសិទ្ធភាព។

ដោយឡែក ក្នុងជំនួបជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានឆ្នាំ២០២៦ និងតំណាងវិស័យឯកជន បានបង្ហាញរបាយការណ៍ និងអនុសាសន៍សំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ខណៈថ្នាក់ដឹកនាំអាស៊ានបានផ្តល់មតិយោបល់ត្រឡប់។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះអនុសាសន៍ជាក់ស្តែង និងគម្រោងកេរ្តិ៍ដំណែលរបស់ ASEAN-BAC ព្រមទាំងលើកទឹកចិត្តឱ្យជួយសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ទទួលបានហិរញ្ញប្បទាន ទីផ្សារ និងបច្ចេកវិទ្យាឌីជីថល។ ទន្ទឹមនឹងនោះ ឯកឧត្តមបានស្នើឱ្យស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះរបាំងមិនមែនពន្ធគយ គាំទ្រការផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ ក្រោមកិច្ចព្រមព្រៀង DEFA ជំរុញការវិនិយោគឯកជនលើសន្តិសុខស្បៀង និងថាមពល ព្រមទាំងធ្វើពិពិធកម្មប្រភពកំណើនទៅកាន់សេដ្ឋកិច្ចច្នៃប្រឌិត និងឧស្សាហកម្មថ្មីៗ ដើម្បីប្រែក្លាយអនុសាសន៍ឱ្យទៅជាលទ្ធផលជាក់ស្តែងដែលអាចវាស់វែងបាន។

យ៉ាងណាមិញ ក្នុងជំនួបទល់មុខជាមួយតំណាងយុវជនអាស៊ាន តំណាងយុវជនមកពីប្រទេសហ្វីលីពីន និងសិង្ហបុរី បានថ្លែងសេចក្តីថ្លែងការណ៍ និងផ្តល់អនុសាសន៍ជំនួសមុខឱ្យយុវជនអាស៊ាន ដោយមានការឆ្លើយតបពីថ្នាក់ដឹកនាំអាស៊ានផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា យុវជនគឺជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍ និងភាពរីកចម្រើនរបស់អាស៊ាននាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ ឯកឧត្តមបានគូសរំលេចអាទិភាពចំនួន៣ រួមមាន៖ ការពង្រឹងការចូលរួមរបស់យុវជនក្នុងការកសាងសន្តិភាព ក្រោមរបៀបវារៈយុវជន សន្តិភាព និងសន្តិសុខ ការកសាងប្រព័ន្ធអេកូសេដ្ឋកិច្ចដែលផ្តល់ជំនាញ ការណែនាំ ឱកាសការងារសមរម្យ និងការគាំទ្រដល់ការបង្កើតអាជីវកម្មថ្មីៗដែលដឹកនាំដោយយុវជន ព្រមទាំងការធានាថា គ្មានយុវជនណាម្នាក់ត្រូវបានទុកចោលក្នុងដំណើរការផ្លាស់ប្តូរឌីជីថល រួមទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។