អនុប្រធានាធិបតីឥណ្ឌូណេស៊ី ដាក់លិខិតលាលែងពីតំណែងជាផ្លូវការជូនសភា ខណៈលោក Jokowi ប្រកាសបន្តគាំទ្រប្រធានាធិបតី Prabowo
អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka បានដាក់លិខិតលាលែងពីតំណែងជាផ្លូវការជូនព្រឹទ្ធសភានៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីបញ្ចប់មន្ទិលសង្ស័យជាច្រើនថ្ងៃជុំវិញអនាគតនយោបាយរបស់លោក ខណៈដែលឪពុករបស់លោក គឺអតីតប្រធានាធិបតី Joko Widodo (Jokowi) បានចេញមុខប្រកាសគាំទ្ររដ្ឋបាលរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Prabowo Subianto។ ការលាលែងពីតំណែងរបស់លោក Gibran វ័យ ៣៩ឆ្នាំ គឺជាការចាកចេញពីតំណែងកំពូលដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅឥណ្ឌូណេស៊ី ចាប់តាំងពីការលាលែងរបស់អតីតប្រធានាធិបតី Suharto ក្នុងឆ្នាំ១៩៩៨ មក។


ការសម្រេចចិត្តលាលែងនេះ ធ្វើឡើងបន្ទាប់ពីមានការជំរុញពីសមាជិកសភាឱ្យដកតំណែងលោក Gibran ពាក់ព័ន្ធនឹងកង្វះគុណវុឌ្ឍិផ្នែកអប់រំ ព្រមទាំងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ និងតុលាការកំពូលដែលរកឃើញថា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅបរទេសរបស់លោក ពុំគ្រប់លក្ខខណ្ឌតាមផ្លូវច្បាប់សម្រាប់បេក្ខជនអនុប្រធានាធិបតីឡើយ។ នៅក្នុងពិធីមួយនៅវិមានប្រធានាធិបតី លោក Prabowo បានថ្លែងថា លោកទទួលយកការលាលែងរបស់អនុប្រធានាធិបតីរូបនេះដោយ «ក្តីសោកស្តាយ» និងបានកោតសរសើរចំពោះការរួមចំណែករបស់លោក Gibran កន្លងមក។
ទន្ទឹមនឹងនេះ នៅឯទីក្រុង Solo លោក Jokowi បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងបន្តគាំទ្ររដ្ឋបាលរបស់លោក Prabowo ជាពិសេសកម្មវិធីដែលបម្រើផលប្រយោជន៍សាធារណៈ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងសម្ព័ន្ធភាពនយោបាយរវាងអ្នកទាំងពីរ។ យ៉ាងណាក៏ដោយ ភាពចលាចលនយោបាយនេះ រួមជាមួយនឹងរឿងអាស្រូវលួចស្តាប់ការសន្ទនាខុសច្បាប់របស់មន្ត្រីប៉ូលិសជាន់ខ្ពស់ បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងរុញច្រានឱ្យប្រាក់រូពីឥណ្ឌូណេស៊ីធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ គឺ ១៨,២៥៥ រូពី ក្នុងមួយដុល្លារអាម៉េរិក។ តាមនីតិវិធី ព្រឹទ្ធសភានឹងបើកសម័យប្រជុំប្រកាសភាពទំនេរនៃតំណែង ហើយលោកប្រធានាធិបតី Prabowo ត្រូវស្នើឈ្មោះបេក្ខជនជំនួសចំនួន ២រូប ដើម្បីឱ្យព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសក្នុងរយៈពេល ៦០ថ្ងៃ។
ប្រភព៖ Reuters















