លោក ស៊ី ជីនពីង ប្តេជ្ញាបង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្តិវិធី ខណៈយន្តហោះចម្បាំងចិន ២៩គ្រឿង ហោះល្បាតជុំវិញកោះនេះ


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថានៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដោយប្រកាសថា ចរន្តនៃប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បានឡើយ ហើយការបង្រួបបង្រួមកោះតៃវ៉ាន់ឱ្យមករួមរស់ជាមួយមាតុភូមិទាំងស្រុង ត្រូវតែសម្រេចឱ្យបានជាដាច់ខាត។ ក្នុងសុន្ទរកថានៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង លោក ស៊ី បានប្តេជ្ញាថានឹងសម្រេចគោលដៅនេះដោយសន្តិវិធី ក្រោមគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ដោយពុំបានលើកឡើងពីការប្រើប្រាស់កម្លាំងយោធានោះទេ។

ការថ្លែងរបស់មេដឹកនាំចិនរូបនេះ បានធ្វើឡើងក្នុងពិធីរំលឹកខួបកំណើតគម្រប់ ១៦០ឆ្នាំ របស់វីរបុរសបដិវត្តន៍ចិន លោក ស៊ុន យ៉ាត់សេន (Sun Yat-sen) និងកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ មុនកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen ដែលលោក ស៊ី គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ទោះជាយ៉ាងណា រដ្ឋាភិបាលតៃវ៉ាន់បានច្រានចោលការលើកឡើងនេះ ដោយចាត់ទុកថាពុំមានអ្វីប្លែកខុសពីមុនឡើយ ហើយបានអះអាងថានឹងមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចអនាគតរបស់ខ្លួន។

ទន្ទឹមនឹងសារនយោបាយបែបសន្តិវិធីរបស់លោក ស៊ី ជីនពីង ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍នៅថ្ងៃដដែលនេះថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២៩គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 និងដ្រូន បានធ្វើសកម្មភាពហោះល្បាតត្រៀមប្រយុទ្ធរួមគ្នាជាមួយនាវាចម្បាំងចិននៅជុំវិញកោះតៃវ៉ាន់ ដែលបង្ហាញពីការបន្តដាក់សម្ពាធផ្នែកយោធាជាប្រចាំនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។

ប្រភព៖ Reuters