ក្រុមហ៊ុននៅកម្ពុជាមួយ! វិនិយោគជាង ១ប៊ីលានដុល្លារ សាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ នៅខេត្តកោះកុង


ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានវិនិយោគទឹកប្រាក់ជាង ១ប៊ីលានដុល្លារអាម៉េរិក លើគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ (LNG) ដែលមានអានុភាពសរុប ៩០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង ក្នុងគោលបំណងរួមចំណែកពង្រឹងសន្តិសុខថាមពល និងប្រែក្លាយកម្ពុជាទៅជាគោលដៅឧស្សាហកម្ម និងវិនិយោគដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកឡើងថា គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅខេត្តកោះកុង មានសារៈសំខាន់លើសពីការផលិតថាមពលអគ្គិសនីទៅទៀត ដោយគម្រោងនេះនឹងចូលរួមពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា ពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងសេដ្ឋកិច្ចដែលមានសមត្ថភាពប្រកួតប្រជែង និងភាពម្ចាស់ការលើខ្លួនឯងកាន់តែខ្ពស់។

អ្នកឧកញ៉ាបានបញ្ជាក់ថា មហិច្ឆតារបស់ប្រទេសជាតិក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម អាស្រ័យលើភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍនោះ។ ជាពិសេស ការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងអាចទុកចិត្តបាន គឺជាកត្តាចាំបាច់ក្នុងការទាក់ទាញការវិនិយោគ ពង្រីកសកម្មភាពផលិតកម្ម បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។

តាមការគ្រោងទុក រោងចក្រផលិតអគ្គិសនីនេះនឹងចាប់ផ្តើមដំណើរការផលិត និងផ្គត់ផ្គង់ថាមពលក្នុងដំណាក់កាលទី១ ដែលមានអានុភាព ៤៥០មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៦ និងដំណាក់កាលទី២ ដែលមានអានុភាព ៤៥០មេហ្កាវ៉ាត់បន្ថែមទៀត នៅឆ្នាំ២០២៧។ អ្នកឧកញ៉ាបានចាត់ទុកថា គម្រោងនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហាញចក្ខុវិស័យចង់ឃើញខេត្តកោះកុងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏រីកចម្រើនមួយ តាមរយៈការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុននៅស្រុកបុទុមសាគរ ដែលអាចទាក់ទាញវិនិយោគិនអន្តរជាតិ ពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជន។

ទន្ទឹមនេះ អ្នកឧកញ៉ាបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកំពុងបន្តបោះជំហានឆ្ពោះទៅរកសេដ្ឋកិច្ចដែលមានភាពចម្រុះ ភាពធន់ និងសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់ គ្រុប មានមោទនភាពដែលបានចូលរួមចំណែកក្នុងការសម្រេចមហិច្ឆតាជាតិដ៏សំខាន់នេះ។

ជាមួយគ្នានេះ អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថា ការវិនិយោគរបស់ក្រុមហ៊ុនមិនមែនផ្តោតតែលើតម្រូវការរបស់កម្ពុជានាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគដើម្បីកសាងកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។ ជោគជ័យនៃការវិនិយោគមិនត្រូវបានវាស់វែងត្រឹមតែទំហំទឹកប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាស់វែងតាមរយៈវឌ្ឍនភាព និងឱកាសដែលការវិនិយោគទាំងនោះបានបង្កើតឡើងសម្រាប់ប្រទេសជាតិ និងប្រជាជន។

បន្ថែមលើនេះ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា គម្រោងនេះមិនមែនគ្រាន់តែជាការសាងសង់រោងចក្រផលិតអគ្គិសនីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកផ្តល់ថាមពល ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ។

ប្រភព៖ អ្នកឧកញ៉ា គិត ម៉េង