|

បេក្ខជនគ្រូបឋមសិក្សាកិច្ចព្រមព្រៀងការងារ បានមកដល់NIE ដើម្បីជ្រើសរើសប៉ុស្តិ៍បំពេញការងារ ទាំងក្តីសង្ឃឹម និងជំនឿចិត្ត!


នៅវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកព្រលឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានចាប់ផ្តើមឡើងប្រកបដោយបរិយាកាសអ៊ូអរតាមរយៈការធ្វើដំណើរមកជួបជុំគ្នាពីសំណាក់បេក្ខជនប្រឡងជាប់ស្ថាពរ ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (កម្រិតបឋមសិក្សា) ឆ្នាំសិក្សា២០២៦-២០២៧ ស្របពេលជាមួយនឹងលោកគ្រូ អ្នកគ្រូ កម្រិតវិទ្យាល័យ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលគរុកោសល្យ ដែលទើបនឹងបញ្ចប់ការរើសប៉ុស្តិ៍ការងារនាពេលថ្មីៗកន្លងមកនេះ។

ដំណើរការជ្រើសរើសប៉ុស្តិ៍ការងារ ថ្ងៃដំបូងនេះ មានបេក្ខជនជ័យលាភីមកពីគ្រប់ទិសទី ដោយម្នាក់ៗ បានបង្ហាញវត្តមានមុនម៉ោងកំណត់ ភ្ជាប់ជាមួយឯកសារចាំបាច់ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម នៅក្នុងដៃរួចជាស្រេច។ ទោះបីជាកម្មវិធីនឹងត្រូវចាប់ផ្តើមនៅម៉ោង ៨:០០នាទីព្រឹកក៏ដោយ ក៏ចាប់តាំងពីព្រលឹមស្រាងៗ ក្រុមបេក្ខជន និងអាណាព្យាបាល សាច់ញាតិ មិត្តភក្តិ បងប្អូនបានប្រមូលផ្តុំគ្នានៅតាមបណ្តាអគារកំណត់។ ម្នាក់ៗ បានឆ្លៀតឱកាសពិនិត្យផ្ទៀងផ្ទាត់លេខរៀង និងក្រុមខេត្តរបស់ខ្លួន ព្រមទាំងពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាលជុំវិញភូមិសាស្ត្រសាលារៀន និងប៉ុស្តិ៍ការងារដែលនៅទំនេរ។

ទឹកមុខញញឹមញញែម លាយឡំនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ បានបង្ហាញឱ្យឃើញពីក្តីសង្ឃឹមពោរពេញដោយថាមពល និងជំនឿចិត្តលើប្រព័ន្ធជ្រើសរើសទីតាំងបំពេញការងាររបស់គណៈកម្មការអន្តរក្រសួង ដែលផ្អែកលើសមត្ថភាព គុណាធិបតេយ្យ និងតម្លាភាពពិតប្រាកដ។

គួររំលឹកថា ការប្រឡងប្រជែងថ្នាក់ជាតិនេះ មានបេក្ខជនជាប់ស្ថាពរសរុបទូទាំងប្រទេសចំនួន ២,៤០៤នាក់ ក្នុងនោះមានបេក្ខនារីរហូតដល់ ១,៦១៦នាក់។