ក្រសួងអប់រំ៖ ការស្រាវជ្រាវមិនត្រូវបញ្ចប់ត្រឹមការបោះពុម្ពទុកក្នុងបណ្ណាល័យ ឬបន្ទប់ពិសោធន៍នោះឡើយ ប៉ុន្តែត្រូវអាចបំប្លែងទៅជាផលិតផល សេវាកម្ម និងធុរកិច្ចថ្មីៗ


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សាឆ្នាំ២០២៦» ក្រោមប្រធានបទ «ការជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងស្ទែម ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្នុងឱកាសនៃពិធីបើកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អ្នកស្រាវជ្រាវទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ សរសេរអត្ថបទស្រាវជ្រាវ និងបោះពុម្ពផ្សព្វផ្សាយស្នាដៃរបស់ខ្លួន ដោយបានគូសរំលេចពីភាពរីកចម្រើននៃគុណភាពអត្ថបទស្រាវជ្រាវពីមួយឆ្នាំទៅមួយឆ្នាំ ដែលបច្ចុប្បន្នកម្ពុជាមានអ្នកស្រាវជ្រាវដែលបានបោះពុម្ពផ្សាយស្នាដៃទាំងក្នុងទស្សនាវដ្ដីជាតិ និងអន្តរជាតិ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកស្រាវជ្រាវទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវ និងបោះពុម្ពផ្សាយស្នាដៃ ត្បិតថាការស្រាវជ្រាវ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពសាស្ត្រាចារ្យផងដែរ។

យ៉ាងណាមិញ ដើម្បីធានាឱ្យបាននូវការអប់រំកម្រិតឧត្តមសិក្សាមួយដែលមានស្ដង់ដា គុណភាព និងសមត្ថភាពប្រកួតប្រជែងទាំងក្នុងកម្រិតជាតិ និងតំបន់ ក្រសួងបាននិងកំពុងជំរុញការដំឡើងស្ដង់ដាគុណភាពអប់រំឱ្យឈានទៅដល់ស្ដង់ដាតំបន់ AUN-QA (ASEAN University Network-Quality Assurance) និងអនុវត្តការវាយតម្លៃគុណភាពជាប្រព័ន្ធ ទាំងលើប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថាន (Institutional Assessment) និងលើកម្មវិធីសិក្សានីមួយៗ (Programmatic Assessment)។ ក្នុងន័យនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដែលក្នុងនោះរួមមាន ការពង្រឹងអភិបាលកិច្ចគ្រឹះស្ថានសិក្សា និងការបង្កើនគុណវុឌ្ឍិ និងសមត្ថភាពសាស្ត្រាចារ្យតាមរយៈការលើកកម្ពស់វិធីសាស្ត្រស្រាវជ្រាវឱ្យមានភាពច្បាស់លាស់ និងមានស្ដង់ដា ពង្រឹងដំណើរការសរសេរសារណា និងបង្កើនប្រសិទ្ធភាពនៃការដឹកនាំ ការតម្រង់ទិសពីសំណាក់សាស្ត្រាចារ្យ ព្រមទាំងអភិវឌ្ឍវិធីសាស្ត្របង្រៀនថ្មីៗឱ្យស្របតាមការវិវត្តនៃសង្គម បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។

បន្ថែមពីនេះ ក្រសួងបាននិងកំពុងធ្វើទំនើបកម្មកម្មវិធីសិក្សា និងការបង្រៀន ដោយជំរុញការអនុវត្តវិធីសាស្ត្រអប់រំផ្អែកលើលទ្ធផល (Outcome-Based Education – OBE Course/Program Outcome) កែសម្រួល និងធ្វើទំនើបកម្មកម្មវិធីសិក្សាឱ្យមានភាពបត់បែន និងឆ្លើយតបផ្ទាល់ទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ជាពិសេសផ្លាស់ប្ដូរការរៀនសូត្រទៅជាលក្ខណៈអន្តរសកម្ម (Interactive Learning) ដោយជំរុញការស្វ័យសិក្សា និងការធ្វើស្រាវជ្រាវរួមគ្នារវាងសាស្ត្រាចារ្យ និងនិស្សិត។

ដោយឡែក ដើម្បីឱ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អាចបង្កើតផលជះសេដ្ឋកិច្ចបានពិតប្រាកដ យើងចាំបាច់ត្រូវតម្រង់ទិសការស្រាវជ្រាវនៅឧត្តមសិក្សា ឱ្យផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងនវានុវត្តន៍ និងសហគ្រិនភាព។

ទន្ទឹមនេះ ក្រសួងបានបញ្ជាក់ថា ការស្រាវជ្រាវមិនត្រូវបញ្ចប់ត្រឹមការបោះពុម្ពផ្សាយទុកក្នុងបណ្ណាល័យ ឬទុកក្នុងបន្ទប់ពិសោធន៍នោះឡើយ ប៉ុន្តែត្រូវតែជាការស្រាវជ្រាវដែលអាចបំប្លែងទៅជាផលិតផល សេវាកម្ម និងធុរកិច្ចថ្មីៗ។ ការបណ្ដុះផ្នត់គំនិតសហគ្រិនភាពផ្អែកលើការស្រាវជ្រាវ នឹងជួយដុសខាត់និស្សិតបញ្ចប់ការសិក្សាឱ្យមានភាពរួចរាល់សម្រាប់ទីផ្សារការងារ ដោយប្រែក្លាយពួកគេពី «អ្នកស្វែងរកការងារធ្វើ» ទៅជា «អ្នកបង្កើតការងារ និងអ្នកដោះស្រាយបញ្ហា» ដែលរួមចំណែកយ៉ាងសកម្ម និងដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ចជាតិ៕

ប្រភព៖ MoEYS