ទីប្រឹក្សាឥណ្ឌូនេស៊ី ថ្លែងសូមទោសកម្ពុជាជុំវិញបទល្មើសរបស់ពលរដ្ឋខ្លួន ខណៈឯកឧត្តម ស សុខា បញ្ជាក់ពីឆន្ទៈសហការដោះស្រាយ
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ កម្ពុជានិយាយជារួម និងដោយឡែកក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានទទួលពាក្យពេចន៍ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម អាំងហ្គីយ៉ាត ណាពីទូពូលូ ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានថ្លែងសូមទោស និងស្មើសុំមនោសញ្ចេតនាយល់យោគពីកម្ពុជា បន្ទាប់ពីត្រូវជួបការលំបាកដោយសារពលរដ្ឋឥណ្ឌូនេស៊ីមួយចំនួនបានចូលមកប្រព្រឹត្តបទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។






ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ឯកឧត្តម អាំងហ្គីយ៉ាត ណាពីទូពូលូ បានរំលេចពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អជាបន្ទាន់ជាមួយកម្ពុជា ពិសេសលើការស្រាវជ្រាវ ឃាត់ និងបញ្ជូនខ្លួនជនជាតិឥណ្ឌូនេស៊ីដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការមើលថែទាំជនជាតិឥណ្ឌូនេស៊ីមួយចំនួនទៀតដែលកំពុងស្នាក់នៅមណ្ឌលត្រៀមបណ្ដេញចេញ ដោយឯកឧត្តមទទួលស្គាល់ថាជាការលំបាកដែលកម្ពុជាខិតខំដោះស្រាយ។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហាទាំងនេះ មិនមែនមានតែជនជាតិឥណ្ឌូនេស៊ីនោះទេ ប៉ុន្តែក៏បង្កឡើងដោយជនជាតិផ្សេងទៀត រួមទាំងពលរដ្ឋកម្ពុជាផងដែរ។ ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកបញ្ហានេះថាមូលហេតុកើតចេញពីសារជាតិរបស់បុគ្គលមនុស្សម្នាក់ៗ ហើយថាសម្រាប់កម្ពុជា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតដើម្បីដោះស្រាយបញ្ហានេះ ដោយពុំបានដើរចង្អុលមុខចោទប្រកាន់ភាគីណាមួយនោះឡើយ ប៉ុន្តែផ្ទុយទៅវិញបានបោះដៃប្រកៀកស្មាបង្កើតយន្តការសហប្រតិបត្តិការទាំងកម្រិតទ្វេភាគី និងពហុភាគី។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេសនៅថ្ងៃនេះទៀត ប្រតិភូឥណ្ឌូនេស៊ី បានជួបប្រជុំជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានប្រកាសគាំទ្រការរៀបចំកិច្ចប្រជុំទ្វេភាគីដូចគ្នានេះទៀត នៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំក្រោយ ដោយបានផ្ដល់អនុសាសន៍ឱ្យភាគីទាំងពីរ រៀបចំទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹងកម្រិតអគ្គនាយកដ្ឋានអន្តោប្រវេសន៍តែម្ដង៕
ប្រភព៖ ក្រសួងមហាផ្ទៃ

















