រុស្ស៊ីចាប់ខ្លួនអ្នកការសែតជប៉ុនម្នាក់ ក្រោមការចោទប្រកាន់ពីបទចារកម្ម និងលួចព័ត៌មានសម្ងាត់ជាតិ
អន្តរជាតិ៖ អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនអ្នកសារព័ត៌មានជប៉ុនម្នាក់នៅលើកោះសាខាលីន (Sakhalin) ស្ថិតនៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី និងបានចោទប្រកាន់រូបគេពីបទចារកម្ម ដោយអះអាងថា បានប្រមូលព័ត៌មានពាក់ព័ន្ធនឹងសមត្ថភាពការពារជាតិរបស់រុស្ស៊ី។ ករណីនេះ បានកើតឡើងចំពេលទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងតូក្យូកំពុងមានភាពតានតឹងកាន់តែខ្លាំង។



យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី អ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួនមានឈ្មោះ យូគី អ៊ីម៉ៃ (Yuki Imai) ជាអ្នកយកព័ត៌មានប្រចាំការិយាល័យរបស់សារព័ត៌មាន Hokkaido Shimbun នៅទីក្រុងយូហ្សណូ-សាខាលីនស្ក៍ (Yuzhno-Sakhalinsk) លើកោះសាខាលីន។ របាយការណ៍បានឱ្យដឹងថា រូបគេត្រូវបានចាប់ខ្លួន ខណៈកំពុងត្រៀមវិលត្រឡប់ទៅប្រទេសជប៉ុនវិញ។
ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានអះអាងថា អ្នកសារព័ត៌មានរូបនេះបានប្រមូលព័ត៌មានស្តីពីសមត្ថភាពការពារជាតិរបស់រុស្ស៊ី និងមានបំណងបញ្ជូនព័ត៌មានទាំងនោះទៅឱ្យស្ថាប័នស៊ើបការណ៍សម្ងាត់របស់ជប៉ុន។ ទោះជាយ៉ាងណា ការចោទប្រកាន់នេះគឺជាការអះអាងរបស់អាជ្ញាធររុស្ស៊ី។
FSB ក៏បានផ្សព្វផ្សាយវីដេអូមួយដែលបង្ហាញមន្ត្រីសន្តិសុខពាក់ម៉ាស់សម្រុកចូលបន្ទប់សណ្ឋាគារ រួចចាប់បុរសម្នាក់ឱ្យដេកផ្កាប់មុខលើឥដ្ឋ និងដាក់ខ្នោះដៃ។ បន្ទាប់មក បុរសរូបនេះត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់ទីក្រុងមូស្គូ ជាទីដែលតុលាការបានសម្រេចឃុំខ្លួនរូបគេជាបណ្តោះអាសន្នមុនសវនាការ។
អាជ្ញាធររុស្ស៊ីមិនបានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនៃការចាប់ខ្លួន និងសវនាការនោះទេ។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា អ្នកសារព័ត៌មានរូបនេះនឹងត្រូវបន្តឃុំខ្លួនរហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៦។ ប្រសិនបើត្រូវបានផ្តន្ទាទោសតាមបទចោទប្រកាន់ដែលពាក់ព័ន្ធនឹងករណីនេះ រូបគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។
ជាការឆ្លើយតប ក្រសួងការបរទេសជប៉ុនបានជំរុញឱ្យរុស្ស៊ីធានានូវការប្រព្រឹត្តចំពោះអ្នកសារព័ត៌មានដែលត្រូវបានឃុំខ្លួនប្រកបដោយភាពយុត្តិធម៌ និងអព្យាក្រឹត។ មន្ត្រីជប៉ុនបានឱ្យដឹងថា ស្ថានទូតជប៉ុនប្រចាំទីក្រុងមូស្គូ និងស្ថានអគ្គកុងស៊ុលជប៉ុននៅទីក្រុងយូហ្សណូ-សាខាលីនស្ក៍ បានដាក់សំណើទៅអាជ្ញាធររុស្ស៊ី ដើម្បីស្នើសុំផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស ព្រមទាំងពិចារណាលើទិដ្ឋភាពមនុស្សធម៌ និងធានាការប្រព្រឹត្តដោយយុត្តិធម៌ចំពោះរូបគេ។
ករណីនេះកើតឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងរុស្ស៊ី និងជប៉ុនកាន់តែយ៉ាប់យ៉ឺន ដោយសារជប៉ុនបានគាំទ្រអ៊ុយក្រែន និងចូលរួមដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចលើរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងមូស្គូបានចាត់ទុកជប៉ុនជាប្រទេស «មិនមិត្តភាព» ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបានចាប់ខ្លួនពលរដ្ឋមកពីប្រទេសមួយចំនួនដែលខ្លួនចាត់ទុកថាមិនមិត្តភាព ដោយចោទប្រកាន់ថា ពួកគេធ្វើការឱ្យស្ថាប័នស៊ើបការណ៍សម្ងាត់របស់ប្រទេសលោកខាងលិច។
ក្រៅពីនេះ ជម្លោះដែនអធិបតេយ្យភាពលើប្រជុំកោះគូរីល (Kuril Islands) ដែលជប៉ុនហៅថា «ដែនដីភាគខាងជើង» (Northern Territories) ក៏ជាកត្តាសំខាន់មួយដែលបន្តប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រជុំកោះទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីចាប់តាំងពីចុងសង្គ្រាមលោកលើកទី២ ខណៈជប៉ុននៅតែទាមទារអធិបតេយ្យភាពលើកោះចំនួន៤ ដែលស្ថិតនៅជិតទឹកដីរបស់ខ្លួន។
នៅឆ្នាំ២០២២ ទីក្រុងមូស្គូបានលុបចោលកម្មវិធីដែលអនុញ្ញាតឱ្យអតីតអ្នករស់នៅជប៉ុនធ្វើដំណើរទៅកាន់ប្រជុំកោះនេះ ដើម្បីគោរពវិញ្ញាណក្ខន្ធបុព្វបុរសរបស់ពួកគេ បន្ទាប់ពីជប៉ុនបានគាំទ្រអ៊ុយក្រែន។ កាលពីខែសីហា ឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានទៅបំពេញទស្សនកិច្ចនៅកោះមួយក្នុងចំណោមកោះដែលមានជម្លោះទាំងនេះផងដែរ ដែលបានបង្កឱ្យមានប្រតិកម្មពីទីក្រុងតូក្យូ។
គួររំឭកថា កាលពីឆ្នាំ២០២៣ អ្នកសារព័ត៌មានអាមេរិក លោក អ៊ីវ៉ាន ហ្គើស្កូវីច (Evan Gershkovich) ក៏ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទចារកម្ម និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៦ឆ្នាំ មុនពេលត្រូវបានដោះលែងក្នុងការដោះដូរអ្នកទោសនៅឆ្នាំ២០២៤។
ប្រភព៖ The Guardian












