|

«ខំរៀនទៅកូន ទោះបីជាត្រូវលក់ដីក៏ពុកម៉ែព្រម ឱ្យតែកូនរៀនបានចប់» ពាក្យមួយឃ្លាពីឪពុកម្ដាយ ក្លាយជាកម្លាំងចិត្តដ៏មានទម្ងន់ ជំរុញយុវជន «សិបទីន អាំរ៉េល» ឱ្យទទួលបាននិទ្ទេស A


ភ្នំពេញ៖ «ខំរៀនទៅកូន រៀនឱ្យបានចប់ដល់ទីខ្ពស់ ទោះបីជាត្រូវចំណាយលក់ដីក៏ពុកម៉ែព្រមដែរ ឱ្យតែកូនរៀនបានចប់»។ ពាក្យលើកទឹកចិត្តមួយឃ្លា ពីឪពុកម្តាយដែលប្រកបរបរកសិករ បានក្លាយជាកម្លាំងចិត្តដ៏មានទម្ងន់សម្រាប់យុវជន សិបទីន អាំរ៉េល ជំរុញខ្លួនឯង ក្នុងការខិតខំប្រឹងប្រែងជម្នះការសិក្សា រហូតសម្រេចបានលទ្ធផលជាប់និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦។

ក្នុងបទសម្ភាសន៍ជាមួយ Brandmedia សិបទីន អាំរ៉េល បានរៀបរាប់ពីខ្សែជីវិត ជាសិស្សវិទ្យាល័យ ដែលត្រូវចាកចេញពីស្រុកកំណើត ដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញ ក្នុងឆ្នាំសិក្សាចុងក្រោយនេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ការសម្រេចចិត្តបែបនេះ គឺកើតចេញពីផ្នត់គំនិតរូបគេផ្ទាល់ ដោយចង់ទទួលបានការអប់រំ និងគំនិតថ្មីៗពីសំណាក់លោកគ្រូ អ្នកគ្រូ ព្រមទាំងអាចទាញឱកាសស្វែងយល់បទពិសោធន៍ថ្មី នៅក្នុងបរិយាកាសសិក្សាដែលខុសពីមុន។

មុនចូលដល់ការប្រឡង សិបទីន អាំរ៉េល បានដាក់គោលដៅយ៉ាងច្បាស់លាស់សម្រាប់ខ្លួនឯងថា នឹងត្រូវខិតខំប្រឹងប្រែងយកនិទ្ទេស A ឱ្យបាន ដើម្បីជូនខ្លួនឯង គ្រួសារ និងសាលាផង។ ទោះជាយ៉ាងណា លទ្ធផលមិនក្បត់ការខំប្រឹង ខ្លួនគេក៏សម្រេចបាន និទ្ទេសA ដូចបំណង។

ជាកូនកសិករមកពីខេត្ត សម្រាប់ សិបទីន អាំរ៉េល ការទទួលបាននិទ្ទេស A នៅឆ្នាំនេះ កាន់តែមានអត្ថន័យជ្រាលជ្រៅចំពោះរូបគេ ព្រោះនៅក្នុងសមាជិកគ្រួសារ រូបគេជាកូនដំបូងបង្អស់ ដែលរៀនទទួលបាននិទ្ទេស A ក្នុងចំណោមបងប្អូនបង្កើត ២នាក់ និងជាកូនពៅក្នុងគ្រួសារ។ នេះគឺជាមោទនភាពមួុយ ដែលរូបគេ អាចផ្ដល់ទៅកាន់មនុស្សជាទីស្រលាញ់។

ត្រឹមជាក្មេងប្រុសម្នាក់ ដែលមានក្ដីប្រាថ្នាខ្ពស់ និងក្លាហានហ៊ានប្រឈមនឹងឧបសគ្គ សិបទីន អាំរ៉េល បានរៀបរាប់ថា «នៅភ្នំពេញរយៈពេល ១ឆ្នាំនេះ ខ្ញុំឆ្លងកាត់េមរៀន និងទទួលបានបទពិសោធន៍ជាច្រើន មិនថាក្នុងការរស់នៅ និងការរៀននោះទេ»។ គេបន្តទាំងរលឹកថា «ពេលខ្លះញុំាបាយជាមួយទឹកសុីអុីវក៏មានដែរ(ហាហា…)»។

ប៉ុន្តែបទពិសោធន៍ និងការលំបាកទាំងនេះ មិនបានធ្វើឱ្យ សិបទីន អាំរ៉េល បោះបង់គោលដៅនោះឡើយ។ ផ្ទុយទៅវិញ បានប្រែក្លាយទៅជាកម្លាំងចិត្ត ជួយជំរុញឱ្យរូបគេរៀនសូត្រពីការរស់នៅដោយខ្លួនឯង និងតស៊ូ ដើម្បីឈានទៅរកលទ្ធផលដែលរូបគេចង់បាន។

ក្នុងដំណើរជាសិស្សវិទ្យាល័យ អាំរ៉េល បាននិយាយថា កម្លាំងចិត្តដ៏សំខាន់បំផុតរបស់គេ គឺឪពុកម្តាយ។ ក្នុងនោះ ពាក្យលើកទឹកចិត្តមួយឃ្លាដែលដក់ជាប់ក្នុងដួងចិត្តគេគឺ «ខំរៀនទៅកូនរៀនអោយបានចប់ដល់ទីខ្ពស់ ទោះបីជាត្រូវចំណាយលក់ដីក៏ពុកម៉ែព្រមដែរអោយតែកូនរៀនបានចប់», «ជាពិសេសក្នុងកំឡុងពេលបាក់ឌុបនេះ ពួកគាត់ មិនដែលដាក់សម្ពាធមកលើរូបខ្ញុំទេ ហើយថែមទាំងនិយាយថា បាននិទ្ទេសអីក៏បានដែរ អោយតែជាប់។ ទាំងនេះហើយ ដែលបណ្ដាលអោយខ្ញុំខំប្រឹង រហូតដល់ទទួលបាននិទ្ទេសA» ។

ជាចុងក្រោយ អាំរ៉េល ក៏បានលើកសរសើរមិត្តរួមថ្នាក់ថា៖ «អំឡុងពេលសិក្សានោះដែរ ខ្ញុំមិនដែលទទួលបានសម្ពាធ ឬការរើសអើងពីមិត្តរួមថ្នាក់នោះទេ ពួកគេតែងតែនិយាយសួរសុខទុក្ខខ្ញុំជានិច្ច» ។ ក្នុងនោះ អាំរ៉េល ក៏បានបញ្ជាក់ផងដែរថា នៅក្នុងថ្នាក់ របស់គេ មានបេក្ខជន ដែលទទួលបាននិទ្ទេសA ចំនួន ៤នាក់ ។

ទន្ទឹមនឹងនេះ សិបទីន អាំរ៉េល ក៏បានសម្ដែងនូវការដឹងគុណ និងថ្លែងអំណរអរគុណ ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ ណែនាំប្រៀនប្រដៅ និងបង្រៀនដល់រូបគេ ក៏ដូចជាមិត្តរួមថ្នាក់ផ្សេងទៀតផងដែរ។ ជាចុងក្រោយ អាំរ៉េល បានគោរពជូនពរលោកគ្រូ អ្នកគ្រូទាំងអស់ពីចម្ងាយ ឱ្យទទួលបានសុខភាពល្អ សំណាងល្អ អាយុវែង និងរកទទួលទានមានបាន។

គួរបញ្ជាក់សារជាថ្មីថា បេក្ខជនដែលប្រឡងជាប់បាក់ឌុបសម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មានចំនួន ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦% នៃចំនួនបេក្ខជនប្រឡងសរុប។ ដោយឡែក ឆ្នាំ២០២៦នេះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។