បាក់ឌុប២០២៦! បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ កើនជាង ៣ពាន់នាក់ ខណៈអត្រាបេក្ខជនជាប់និទ្ទេស A ធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន!
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា លទ្ធផលបេក្ខជនប្រឡងជាប់សរុបចំនួន ១២៥ ៩៧៥នាក់ ត្រូវជា ៨៤,០៦% នៃបេក្ខជនដែលបានប្រឡងសរុប ក្នុងនោះ បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ២ ០២២នាក់។
ជាមួយគ្នានេះ តាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២ ០២២នាក់ ខណៈនិទ្ទេស B ចំនួន ៨ ៨៤៨នាក់, និទ្ទេស C ចំនួន ២៣ ៤២២នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩នាក់ និងនិទ្ទេស E ចំនួន ៤៦ ៨១៤នាក់។


សូមបញ្ជាក់ជូនថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃ១០ ខែសីហា ២០២៦ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១៥១ ២៣៨នាក់ ក្នងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១១៣ ៧៩៣នាក់។
ដោយឡែក ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ក្រសួងអប់រំ ក៏បានបញ្ជាក់ថា នឹងធ្វើឡើងនៅតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស និងតាមរយៈគេហទំព័រផ្សព្វផ្សាយផ្លូវការ របស់ ក្រសួង MoEYS Cambodia នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
ទោះជាយ៉ាងណា បើធៀបនឹងលទ្ធផលឆ្នាំមុន បេក្ខជនប្រឡងជាប់នៅឆ្នាំ២០២៦ មានចំនួន ១២៥ ៩៧៥នាក់ កើនឡើង ៣ ៥០២នាក់ ពីចំនួន១២២ ៤៧៣នាក់ កាលពីឆ្នាំ២០២៥។ ប៉ុន្តែគួរឱ្យកត់សម្គាល់ថា បេក្ខជនជាប់និទ្ទេស A មានការថយចុះពី ៣ ០០៣នាក់ ក្នុងឆ្នាំ២០២៥ ខណៈក្នុងឆ្នាំ២០២៦នេះ មានចំនួន២ ០២២នាក់។ ក្នុងន័យនេះ អត្រាថយចុះមានចំនួន ៩៨១នាក់ ឬត្រូជា ៣២,៧%
ប្រភព៖ MoEYS















