ស្ពានសេដ្ឋកិច្ចថ្មីដ៏មានសក្តានុពល តភ្ជាប់ចិន-កូរ៉េខាងជើង ត្រៀមខ្លួនសម្រាប់បើកដំណើរការឆាប់ៗនេះ!


ចិន៖ ស្ពានសេដ្ឋកិច្ចថ្មីដ៏មានសក្តានុពលដែលតភ្ជាប់ប្រទេសចិន និងកូរ៉េខាងជើង នៅក្បែរទីក្រុង Sinuiju អាចនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីអគារគយថ្មីនៅភាគីខាងចិន ក៏ត្រូវបានសាងសង់រួចរាល់ ដើម្បីគាំទ្រដល់ប្រតិបត្តិការត្រួតពិនិត្យ និងការធ្វើដំណើរឆ្លងព្រំដែន។

យោងតាមសារព័ត៌មាន Kyodo News ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា អគារមួយនៅត្រើយម្ខាងប្រទេសចិននៃទន្លេ Yalu ទល់មុខទីក្រុង Sinuiju ត្រូវបានសម្គាល់ដោយអក្សរ «Sinuiju Customs» នៅលើជញ្ជាំងខាងក្រៅ ដែលបង្ហាញថា អគារនេះ ស្ថិតនៅក្បែរស្ពាន Yalu River ថ្មី ដែលបានសាងសង់រួច តាំងពីឆ្នាំ២០១៤ ប៉ុន្តែមិនទាន់បើកឱ្យប្រើប្រាស់នៅឡើយ។

ការសាងសង់អគារគយថ្មីនេះ បានចាប់ផ្តើមនៅដើមឆ្នាំ២០២៥ ហើយការរៀបចំជាក់ស្តែងនៅតំបន់ព្រំដែនបានបង្កើនការរំពឹងថា ស្ពានថ្មីក៏អាចនឹងត្រូវបើកដំណើរការក្នុងពេលឆាប់ៗនេះផងដែរ។

ស្ពានថ្មីនេះ ត្រូវបានរៀបចំឱ្យមានផ្លូវចរាចរណ៍ចំនួន ២គន្លងសម្រាប់ទិសនីមួយៗ ដែលមានសមត្ថភាពខ្ពស់ជាងស្ពានចាស់ ដែលកំពុងប្រើប្រាស់សម្រាប់ការតភ្ជាប់រវាងប្រទេសទាំងពីរសព្វថ្ងៃ។ ដោយឡែក ការសាងសង់ស្ពានថ្មីនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១០ បន្ទាប់ពីប្រទេសចិន និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាក្នុងឆ្នាំ២០០៩ អំឡុងពេលដែលលោក Wen Jiabao នាយករដ្ឋមន្ត្រីចិន បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង។

ទោះបីស្ពាន ត្រូវបានបញ្ចប់តាំងពីឆ្នាំ២០១៤ក្តី ក៏ការបើកដំណើរការត្រូវបានពន្យារពេលអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីរៀបចំអគារគយថ្មី និងការវិវត្តនាពេលថ្មីៗនេះជាមុនសិន។ ការវិវត្តនេះកើតឡើងស្របពេលទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង មានសញ្ញាប្រសើរឡើង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់រវាងប្រទេសទាំងពីរ។

ប្រសិនបើស្ពានថ្មីនេះ ត្រូវបានបើកដំណើរការ នឹងជាសក្តានុពលថ្មីបន្ថែមទៀត ដែលអាចជួយបង្កើនសមត្ថភាពដឹកជញ្ជូន និងពាណិជ្ជកម្មតាមព្រំដែន ព្រមទាំងជំរុញការធ្វើដំណើរ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

ប្រភព៖ Kyodo News