ម៉ាឡេស៊ី ចង់ធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup!
បាងី, ម៉ាឡេស៊ី៖ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុ សេរី អាម៉ាដ ហ្សាហ៊ីដ ហាមីឌី (Datuk Seri Ahmad Zahid Hamidi) បានបង្ហាញពីក្តីប្រាថ្នារយៈពេលវែងរបស់ប្រទេសខ្លួន ក្នុងការស្នើធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នៅថ្ងៃណាមួយនាពេលអនាគត។ លោកបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ អំឡុងពេលចូលរួមទស្សនាការផ្សាយផ្ទាល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup រវាងអាហ្សង់ទីន និងអេស្ប៉ាញ ជាមួយអ្នកគាំទ្ររាប់រយនាក់ នៅទីលាន Bangi Square 2។

ជាមួយគ្នានោះ លោក ហ្សាហ៊ីដ បានលើកឡើងថា៖ ប្រសិនបើព្រះជាម្ចាស់ប្រោសប្រទាន ថ្ងៃណាមួយ យើងសង្ឃឹមថា ម៉ាឡេស៊ីនឹងក្លាយជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ហើយនៅពេលនោះ ខ្ញុំក៏សង្ឃឹមថា ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងក្លាយជាតំណាងរបស់តំបន់អាស៊ីអាគ្នេយ៍ ក្នុងការប្រកួតនេះផងដែរ»។
ទោះជាយ៉ាងណា ក្តីស្រមៃនេះនៅមានចម្ងាយឆ្ងាយពីការពិត ខណៈបច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី (Harimau Malaya) ឈរនៅចំណាត់ថ្នាក់លេខ ១៣៦ ក្នុងចំណាត់ថ្នាក់ FIFA ហើយមិនធ្លាប់បានឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ World Cup សូម្បីតែម្តង។
លើសពីនេះ សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ក៏កំពុងស្តារទំនុកចិត្តឡើងវិញ បន្ទាប់ពីរងរឿងអាស្រូវធ្ងន់ធ្ងរទាក់ទងនឹងការក្លែងបន្លំឯកសារកំណើត ដើម្បីផ្តល់សញ្ជាតិដល់កីឡាករបរទេសចំនួន ៧នាក់ កាលពីឆ្នាំ២០២៥ផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីការស៊ើបអង្កេត រួចរាល់ FIFA បានពិន័យសមាគមបាល់ទាត់ម៉ាឡេស៊ីជាប្រាក់ ៤៣៨,០០០ដុល្លារអាមេរិក និងបានព្យួរសិទ្ធិកីឡាករចំនួន ៧នាក់ រយៈពេល ១២ខែ និងលុបចោលលទ្ធផលប្រកួតអន្តរជាតិមួយចំនួន។ ក្រោយមក គណៈកម្មាធិការប្រតិបត្តិទាំងមូលរបស់ FAM ក៏បានលាលែងពីតំណែងផងដែរ។
ប្រភព៖ TRP















