គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ទទួលស្គាល់ថា ក្រុមជម្រើសជាតិអេស្ប៉ាញ គឺជាក្រុមដែលលេងបានល្អជាងគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026


អ៊ីស្ត រូធើហ្វដ, រដ្ឋញូវជឺស៊ី៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លោក លីយ៉ូណែល ស្កាឡូនី (Lionel Scaloni) បានទទួលស្គាល់ថា ក្រុមជម្រើសជាតិអេស្ប៉ាញ គឺជាក្រុមដែលលេងបានល្អជាងគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ប៉ុន្តែលោកបានបង្ហាញមោទនភាពចំពោះកីឡាកររបស់ខ្លួន ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពរហូតដល់វិនាទីចុងក្រោយ។

នៅក្នុងការប្រកួតដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអាហ្សង់ទីនបានចាញ់អេស្ប៉ាញក្នុងលទ្ធផល ១-០ បន្ទាប់ពីខ្សែប្រយុទ្ធ ហ្វឺរ៉ាន តូរ៉េស (Ferran Torres) ស៊ុតបញ្ចូលទីនៅម៉ោងបន្ថែមទី២ ខណៈអាហ្សង់ទីននៅសល់កីឡាករត្រឹម ១០នាក់ បន្ទាប់ពី អេនហ្សូ ហ្វឺណាន់ដេស (Enzo Fernández) ទទួលបានកាតក្រហមនៅចុងម៉ោងធម្មតា។

នៅក្រោយការប្រកួត លោក ស្កាឡូនី បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយ។ អេស្ប៉ាញលេងបានល្អជាងយើង នេះជាការពិត។ ប៉ុន្តែខ្ញុំនឹងចងចាំជានិច្ចនូវអ្វីដែលកីឡាកររបស់ខ្ញុំសម្រេចបាន។ យើងអស្ចារ្យណាស់នៅពេលឈ្នះ ហើយក៏ត្រូវតែអស្ចារ្យនៅពេលចាញ់ដែរ។ យប់នេះ យើងបានបង្ហាញថា យើងចេះទទួលយកបរាជ័យ តែមោទនភាពមិនបោះបង់ទេ»។

ជាមួយគ្នានោះ លោកបានបន្ថែមថា កីឡាកររបស់លោក បានលះបង់គ្រប់យ៉ាងសម្រាប់ប្រទេសជាតិ ហើយទោះបីជាមិនអាចការពារ”តំណែងជើងឯក”បានក៏ដោយ ក៏ពួកគេបានផ្តល់គំរូដ៏ល្អដល់ប្រជាជនអាហ្សង់ទីនផងដែរ។

ទន្ទឹមនឹងអំឡុងការប្រកួតនោះ ប្រធានក្រុម លីយ៉ូណែល ម៉េស៊ី (Lionel Messi) បានរំជួលចិត្តបង្ហូរទឹកភ្នែកក្រោយបញ្ចប់ការប្រកួត។ វាជាការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup លើកទី៣ហើយ ដែលស្មើកំណត់ត្រារបស់អតីតប្រធានក្រុមប្រេស៊ីល កាហ្វូ (Cafu)

ក្នុងនោះផងដែរ លោក ស្កាឡូនី លើកសរសើរម៉េស៊ីថា បានបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយរូបគេលេងគ្រប់នាទីក្នុងវគ្គចាញ់ធ្លាក់ និងស៊ុតបញ្ចូលទីបាន ៨គ្រាប់

បន្ថែមលើនោះ លោក ស្កាឡូនី បាននិយាយបន្តថា៖ «ម៉េស៊ីមានអាយុ ៣៩ឆ្នាំហើយ។ ខ្ញុំជឿជាក់ថា គាត់នឹងបន្តលេងរហូតដល់ថ្ងៃដែលគាត់សម្រេចចិត្តបញ្ឈប់ដោយខ្លួនឯង។ ខ្ញុំសង្ឃឹមថា មនុស្សគ្រប់គ្នានឹងមានមោទនភាពចំពោះសមិទ្ធិលផលកន្លងមករបស់គាត់ ព្រោះសម្រាប់ខ្ញុំ គាត់គឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។»

ប្រភព៖ CNA