ជប៉ុនរងសម្ពាធធ្ងន់! ចិនដាក់កំហិតការនាំចេញទំនិញ ទៅក្រុមហ៊ុនជប៉ុន ៤០កន្លែង
ប្រទេសចិនបានប្រកាសដាក់វិធានការរឹតបន្តឹងការនាំចេញទៅលើអង្គភាព និងក្រុមហ៊ុនជប៉ុនចំនួន ៤០កន្លែង ដោយចោទថា ជប៉ុនកំពុងរួមចំណែកជំរុញការធ្វើទំនើបកម្មយោធាខុសធម្មតា ខណៈទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូបន្តធ្លាក់ចុះ។

ក្រសួងពាណិជ្ជកម្មចិន បានដាក់ អង្គភាពជប៉ុនចំនួន ២០ រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនរបស់ Mitsubishi Electric និង Mitsubishi Heavy Industries ចូលក្នុងបញ្ជីគ្រប់គ្រងការនាំចេញ ដែលហាមឃាត់ក្រុមហ៊ុនបរទេសនាំចេញ ទំនិញប្រើប្រាស់។ សម្ភារៈទាំងនោះអាចប្រើប្រាស់បានទាំងសម្រាប់វិស័យស៊ីវិល និងយោធា។
ជាមួយគ្នានេះ ចិនក៏បានបន្ថែម អង្គភាពជប៉ុន ២០ផ្សេងទៀត ទៅក្នុងបញ្ជីតាមដាន ដែលរួមមានក្រុមហ៊ុន Mitsui E&S, ផ្នែកមួយចំនួនរបស់ Fujitsu និង Komatsu។ ដោយឡែក សម្រាប់ក្រុមហ៊ុនចិនដែលមានបំណងនាំចេញទំនិញទៅកាន់អង្គភាពទាំងនេះ នឹងត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណពិសេស និងបញ្ជាក់ថា សម្ភារៈទាំងនោះមិនត្រូវបានយកទៅប្រើប្រាស់ក្នុងគោលបំណងយោធាឡើយ។
ក្រសួងពាណិជ្ជកម្មចិនបានអះអាងថា វិធានការនេះគឺ «សមហេតុផល ស្របច្បាប់ និងចាំបាច់» ដើម្បីទប់ស្កាត់អ្វីដែលខ្លួនហៅថា «ការស្ដារឡើងវិញនៃលទ្ធិយោធានិយមថ្មី» របស់ជប៉ុន។ ទីក្រុងប៉េកាំងក៏បានអំពាវនាវឱ្យជប៉ុនពិចារណាឡើងវិញលើគោលនយោបាយសន្តិសុខ និងវិស័យការពារជាតិរបស់ខ្លួនផងដែរ។
ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនបានចាត់ទុកវិធានការរបស់ចិនថា «មិនអាចទទួលយកបាន និងគួរឱ្យសោកស្តាយយ៉ាងខ្លាំង» ដោយទាមទារឱ្យទីក្រុងប៉េកាំងដកវិធានការនេះវិញ។ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បានបញ្ជាក់ថា ជប៉ុននឹងវាយតម្លៃផលប៉ះពាល់ និងចាត់វិធានការឆ្លើយតបសមស្រប។
វិធានការថ្មីនេះកើតឡើង ខណៈភាពតានតឹងរវាងចិន និងជប៉ុនបានកើនឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានបង្ហាញជំហរថា ជប៉ុនអាចធ្វើអន្តរាគមន៍ ប្រសិនបើចិនប្រើកម្លាំងយោធាលើកោះតៃវ៉ាន់។ ទន្ទឹមនឹងនេះ ជប៉ុនក៏កំពុងបង្កើនសមត្ថភាពការពារជាតិ ដោយដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ និងអនុញ្ញាតឱ្យនាំចេញអាវុធប្រល័យលោក ក្រោមគោលនយោបាយថ្មី។
អ្នកវិភាគមួយចំនួនយល់ថា វិធានការរបស់ចិនមានគោលបំណងផ្ញើ «សារការទូត» ទៅកាន់ជប៉ុន ជាជាងបង្កផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈក្តីបារម្ភរបស់ទីក្រុងប៉េកាំងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងជប៉ុន សហរដ្ឋអាមេរិក និងដៃគូផ្សេងៗកំពុងកើនឡើង។
ប្រភព៖ AP











