«ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមនឹងសត្រូវឥតស្រមោលកូវីដ-១៩នេះ»


ដោយ៖ ផាត់ គឹមឆែ

ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ នាំឲ្យវ៉ាកសាំងការពារជំងឺនេះ នៅតែជាត្រូវការចាំបាច់សម្រាប់កម្ពុ​ជា ដើម្បីធានាឲ្យបាននូវការទប់ស្កាត់ការរីករាលដាលឆ្លង ដោយមធ្យោបាយដ៏ត្រឹមត្រូវមួយ។ យុទ្ធនាការផ្ដល់ជូនវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទៅ បន្តតួនាទីជាអង្គបដិបក្ខដ៏រឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ រួមទាំងកាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគឆ្លងដ៏សាហាវនេះ។

នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួនប្រមាណ ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកមកដល់កម្ពុជា។

ព្រឹត្តិការណ៍ចាក់វ៉ាក់សាំងជាច្រើនលានដូស បានចាក់ជូនមនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ដល់១៨ឆ្នាំ ត្រូវបានសម្រេចជោគជ័យប្រកបដោយល្បឿនលឿនលយ ដែលជាចំណុចវិជ្ជមានដល់ការស្នើរក្នុងការបើកដំណើរការសាលារៀនឡើងវិញកាលពីពេលថ្មីៗកន្លងទៅនេះ។ ដោយឡែក ក្នុងឱកាសនេះ គឺជាវ៉ាក់សាំងសម្រាប់អនុវត្តផែនការផ្ដល់ជូនចំពោះកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ ឲ្យពួកគាត់ទទួលបានភាពសាំក្នុងការការពារខ្លួនពីហានិភ័យនៃការឆ្លងក្នុងបរិបទនេះ។ បើគិតចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋអាយុចាប់ពី៦ឆ្នាំឡើង​ បានចំនួន១៣,១លាននាក់ហើយ ដែលស្មើនឹង៨២% នៃចំនួនពលរដ្ឋកម្ពុជាសរុប១៦លាននាក់។

ថ្វីដ្បិតតែ កម្ពុជារួមទាំងពិភពលោកទាំងមូលមិនទាន់អាចរំដោះខ្លួនឲ្យរួចផុត ពីការតោងទាមរបស់វីរុសប្រភេទនេះក៏ដោយ តែយើងនៅមានកម្លាំង និងមធ្យោបាយទប់ទល់នឹងការឆ្លងរាលដាលជាគំហក់ ដោយមានវត្តមាននៃវ៉ាក់សាំងបង្ការគ្រប់គ្រាន់ ទាំងជាវ៉ាក់សាំងជំនួយពីបណ្ដាប្រទេសជាមិត្ត និងជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលផ្ទាល់ រួមទាំងលទ្ធភាពនៃការចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យបាននូវស្មារតីប្រយុទ្ធប្រឆាំង ឆ្លើយតបនឹងស្ថានភាពពេលនេះ ក៏ដូចជាពេលកន្លងទៅ។

គួររំលឹកផងដែរថា គិតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ កម្ពុជាមានករណីឆ្លងសរុបចំនួន ១១០,៧៩២នាក់ ដោយក្នុងនោះមានករណីឆ្លងថ្មី ចំនួន ៨៦៦នាក់ ករណីជាសះស្បើយចំនួន ១០១,៦៩០នាក់(ថ្មី=៥០៥) ករណីស្លាប់ចំនួនសរុប ២,២៨៧នាក់(ថ្មី=២៦) និងករណីនាំចូលពីក្រៅប្រទេសសរុប ១៨,៨៣៧នាក់(ថ្មី=៨៣នាក់) ដោយយោងទៅតាមទិន្នន័យរបស់ក្រសួងសុខាភិបាល៕

កែសម្រួលដោយ៖ BRANDMEDIA