|

លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធគយថ្មីពី ១០% ឡើងទៅ លើប្រទេសដៃគូពាណិជ្ជកម្ម ៦០ ក្រោមហេតុផលមិនទប់ស្កាត់ទំនិញផលិតដោយពលកម្មបង្ខំ!


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានដាក់ពន្ធគយថ្មីលើប្រទេស និងសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មចំនួន ៦០ រួមមាន ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កាណាដា ជប៉ុន អូស្ត្រាលី ចិន និងឥណ្ឌា ដោយអះអាងថា ប្រទេសទាំងនេះមិនបានអនុវត្តវិធានការគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការនាំចូលទំនិញដែលផលិតដោយពលកម្មបង្ខំ។

សំណើថ្មីនេះ ត្រូវបានដាក់ចេញដោយការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) ក្រោមច្បាប់ពាណិជ្ជកម្ម Section 301 ហើយត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងថ្មីរបស់រដ្ឋបាលលោក ត្រាំ ក្នុងការស្ដារឡើងវិញនូវគោលនយោបាយពន្ធគយ បន្ទាប់ពីតុលាការកំពូលអាមេរិកបានច្រានចោលពន្ធគយមួយចំនួនកាលពីដើមឆ្នាំនេះ។

យោងតាមសំណើនេះ ប្រទេស និងតំបន់មួយចំនួនដូចជា កាណាដា សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ម៉ាឡេស៊ី តៃវ៉ាន់ ប៉ាគីស្ថាន និងកម្ពុជា អាចប្រឈមនឹងពន្ធគយបន្ថែម ១០% ខណៈប្រទេសមួយចំនួនទៀត រួមមាន ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងស្វីស អាចរងពន្ធរហូតដល់ ១២,៥%។

ជាមួយគ្នានេះ លោក Jamieson Greer តំណាងពាណិជ្ជកម្មអាមេរិក បានអះអាងថា ការបរាជ័យរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗក្នុងការទប់ស្កាត់ទំនិញផលិតដោយពលកម្មបង្ខំ បានធ្វើឱ្យកម្មករអាមេរិកប្រឈមនឹងការប្រកួតប្រជែងមិនស្មើភាពនៅលើទីផ្សារពិភពលោក។

ទោះជាយ៉ាងណា ប្រទេសជាច្រើនបានបដិសេធការចោទប្រកាន់នេះ។ សហភាពអឺរ៉ុបបានអះអាងថា ខ្លួន បានអនុម័តច្បាប់តឹងរ៉ឹងបំផុតមួយរបស់ពិភពលោកស្តីពីការហាមឃាត់ទំនិញពាក់ព័ន្ធនឹងពលកម្មបង្ខំ ខណៈអូស្ត្រាលី និងចក្រភពអង់គ្លេសក៏បានបញ្ជាក់ថា ពួកគេមានច្បាប់ និងប្រព័ន្ធត្រួតពិនិត្យដ៏រឹងមាំរួចហើយ។

ដោយឡែក វិធានការនេះអាចបង្កភាពតានតឹងពាណិជ្ជកម្មជាថ្មី និងបង្កភាពមិនច្បាស់លាស់ដល់ទីផ្សារពិភពលោក ខណៈប្រទេសជាច្រើនកំពុងរៀបចំដាក់សំណើជំទាស់មុនពេលការសម្រេចចុងក្រោយត្រូវបានអនុម័ត។ ដូចគ្នាដែរ ការស្តាប់មតិសាធារណៈ និងការពិភាក្សាផ្លូវការលើសំណើនេះ គ្រោងនឹងចាប់ផ្តើមនៅខែកក្កដា ខាងមុខនេះ។

ប្រភព៖ The Guardian