ទំព័រសេដ្ឋកិច្ចថ្មីមួយ ត្រូវបានបើកបង្ហាញតាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ថៃ


ដោយ៖ ផាត់ គឹមឆែ

កាលពីពេលថ្មីៗកន្លងទៅនេះ ទំព័រសេដ្ឋកិច្ចមួយត្រូវបានបើកបង្ហាញតាមរយៈការរួមគ្នាជាផ្លូវការ របស់ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំប្រទេសថៃ (CBC) ដែលមានលោក សុធា សម្បត្តិ ជាប្រធាន ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំកម្ពុជា (TBCC) ដែលមានលោកស្រី ជេរ៉ាណាន វង្សមង្គល ជាប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា ក្នុងគោលដៅលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនៃប្រទេសកម្ពុជា-ថៃ។

កិច្ចសហប្រតិបត្តិការលើកនេះ កាន់តែពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ទាំងភាពជាដៃគូពាណិជ្ជកម្ម វិនិយោគទុន និងភាពជាមិត្តជិតខាង។ ភាពងាយស្រួលកាន់តែត្រូវបានកើតឡើងក្នុងការទំនាក់ទំនងគ្នាដោយជួយផ្សព្វផ្សាយ និងចែករំលែកគ្នាទៅវិញទៅមក ចំពោះវិនិយោគិនដែលចាប់អារម្មណ៍ចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងវិនិយោគិនកម្ពុជាដែលមានបំណងចង់ធ្វើការវិនិយោគទុននៅប្រទេសថៃ។ ក្រៅពីនេះក៏ជាការស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹងពីអាជីវកម្ម យុទ្ធសាស្ត្រផ្សេងៗ ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌ពីគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ។

ឱកាសលើកនេះ អាចជាការបើកផ្លូវសេដ្ឋកិច្ចពាណិជ្ជកម្មថ្មីមួយ ក្រោយពីជួបឱនភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយសាររលកនៃជំងឹឆ្លង។ សមិទ្ធផលដែលភាគីទាំងសងខាងសង្ឃឹមថានឹងទទួលបាន ជាការស្ដារឡើងវិញនូវអាជីវកម្ម​ ការវិនិយោគទុនធំៗ ក្នុងនិងក្រៅប្រទេសពីតំបន់ផ្សេងៗ អភិវឌ្ឍលើវិស័យអាទិភាពនានា ក៏ដូចជាបង្កើនទីផ្សារសម្រាប់សេដ្ឋកិច្ចដែលជាក្បាលម៉ាស៊ីនដឹកនាំផងដែរ។ ការសម្រេចបាននូវកិច្ចព្រមព្រៀងគ្នា នាពេលនេះ នឹងនាំជាផ្លែផ្កាសម្រាប់ជំហានជោគជ័យក្រោយៗទៀតលើវិស័យនេះយ៉ាងទូលំទូលាយ។ ជាមួយគ្នានេះផងដែរ ក៏ជាការជំរុញការរីកចម្រើនទន្ទឹមគ្នារបស់កម្ពុជា-ថៃ ឲ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ មួយផ្នែកទៀត តាមរយៈសកម្មភាពនេះ ក៏ជាការគិតគូរដល់ជីវភាពប្រជាពលរដ្ឋដោយអភិវឌ្ឍវិស័យការងារ តាមរយៈការរីកចម្រើននៃវិស័យស្នូល។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា (TBCC) កំពុងសហការ និងបង្កើតបណ្ដាញជាមួយដៃគូក្នុងស្រុក និងអន្តរជាតិជាច្រើន មិនត្រឹមតែក្នុងប្រទេសថៃ និងកម្ពុជាប៉ុណ្ណោះទេ ថែមទាំងមកពីជុំវិញពិភពលោកទាំងផ្នែករដ្ឋាភិបាល និងវិស័យឯកជន៕

រូបភាព៖ Cambodia Business Council in Thailand

កែសម្រួលដោយ៖ BRANDMEDIA