គន្លឹះ៨យ៉ាងដែលនិស្សិតឆ្នាំមូលដ្ឋានគួរដឹង!


ដោយ៖ សន ស្រីពេជ្រ

ជាធម្មតាសិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ ពួកគេតែងតែចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យតាមជំនាញ និងក្ដីស្រមៃរបស់ខ្លួន។ ប៉ុន្តែការសិក្សានៅថ្នាក់វិទ្យាល័យស្ទើរតែខុសគ្នាទាំងស្រុងនឹងការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ នេះជាមូលហេតុដែលនិស្សិតមួយចំនួនពុំបានត្រៀមខ្លួន ដើម្បីសិក្សានៅថ្នាក់មហាវិទ្យាល័យ ដូច្នេះខាងក្រោមនេះជាគន្លឹះ ឬជាផ្លូវសម្រាប់បង្ហាញពីការសិក្សានៅថ្នាក់មហាវិទ្យាល័យដែលនិស្សិតឆ្នាំមូលដ្ឋានគួរដឹងជាមុន ជាពិសេសនិស្សិតដែលឡើងមកពីបណ្ដាខេត្ត ដើម្បីសិក្សានៅទីក្រុង ឬខេត្តរបស់ខ្លួន៖

. អ្នកនឹងជួបមនុស្សថ្មី

ចំពោះបទពិសោធន៍នៅមហាវិទ្យាល័យល្អ គឺបង្កើតមិត្តថ្មីដើម្បីជួប និងស្គាល់មនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅពេលអ្នកកំពុងសិក្សានៅក្នុងថ្នាក់ផ្ទាល់។  អ្នកគួរមានភាពរួសរាយរាក់ទាក់ទៅកាន់មិត្តថ្មីៗដែលជាមិត្តរួមថ្នាក់។  

. គ្រប់គ្រងភាពតានតឹង

ភាពតានតឹងតែងតែមានជារឿងធម្មតានៅថ្នាក់មហាវិទ្យាល័យពាក់ព័ន្ធទៅនឹងកិច្ចការសាលា ដែលខុសពីថ្នាក់វិទ្យាល័យ។ ជាពិសេសអ្នកនឹងនឹកផ្ទះ ព្រោះអ្នកពុំធ្លាប់ចាកឆ្ងាយពីផ្ទះឡើយ។ ប៉ុន្តែនិស្សិតគួរតែចេះគ្រប់គ្រងនូវបញ្ហានេះដោយការរៀបចំនូវការធ្វើកិច្ចការ ពេលវេលាអានសៀវភៅឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការទុកពេលវេលាចោល។

. រៀបចំវិធីសាស្រ្តដើម្បីទទួលបាន GPA ល្អ

កុំខ្ជះខ្ជាយលុយរៀនរបស់អ្នកដោយការទទួលបានGPA ទាប! ដើម្បីទទួលបានចំណាត់ថ្នាក់ ឬGPAល្អអ្នកត្រូវដឹងពីរបៀបសិក្សាឱ្យមានប្រសិទ្ធភាព និងចំណេញពេលវេលា ព្រោះមហាវិទ្យាល័យ មិនមែនជារឿងងាយស្រួលនោះទេ។ 

.ចំណាយលុយលើសៀវភៅសិក្សា

អ្នកគួរហ៊ានចំណាយថវិកាទៅលើសៀវភៅដែលទាក់ទងទៅនឹងមុខជំនាញ ដោយមិនចំណាយទៅលើការចាយវាយមិនចាំបាច់។ អ្នកមានឯកសារកាន់តែច្រើន អ្នកនឹងអាចស្រាវជ្រាវបានស៊ីជម្រៅ។ ប្រសិនបើអ្នកពុំមានលុយគ្រប់គ្រាន់អ្នកអាចស្វែងរកមើលក្នុងបណ្ណាល័យនៅសាលារបស់អ្នកបាន។

. ស្វែងរកការងារនៅក្រៅម៉ោងសិក្សា

វាជាវិធីដ៏ល្អមួយដើម្បីសន្សំសំចៃពេលវេលា និងរកលុយបានតិចតួច។ ការសិក្សាតែមួយមុខមិនគ្រប់គ្រាន់ទេ អ្នកត្រូវបែងចែកពេលដើម្បីធ្វើការនៅខាងក្រៅ ដើម្បីទទួលបានបទពិសោធន៍ និងស្គាល់ពីសង្គមឱ្យបានច្បាស់លាស់ជាងនេះ។

. កាត់បន្ថយការចំណាយពេលវេលាលើបណ្ដាញសង្គម

ប្រសិនបើអ្នកលះបង់ពេលនៅលើបណ្ដាញសង្គម អ្នកនឹងមានពេលគ្រប់គ្រាន់ក្នុងការស្រាវជ្រាវមេរៀន ឬកិច្ចការដែលសាស្រ្តាចារ្យបានដាក់មក។ អ្នកនឹងធ្វើវាបានទាន់ពេលវេលាដែលគ្រូបានកំណត់ ដោយមិនតក់ក្រហល់ ឬប្រញាប់ប្រញាល់ រួចអ្នកនឹងមានពេលសម្រាប់សម្រាកគ្រប់គ្រាន់។

. រក្សាសុខភាព

ញ៉ាំអាហារដែលមានសុខភាពល្អ និងទប់ទល់នឹងការចំណាយលើរបស់ដែលធ្វើឱ្យខូចសុខភាព។ ត្រូវប្រាកដថាហាត់ប្រាណជាប្រចាំតាមរយៈកីឡាក្នុងបរិវេណសាលា ឬក្នុងបន្ទប់ជួល។

. គេង

បើទោះបីជាអ្នកមមាញឹកយ៉ាងណា​ ក៏អ្នកគួរតែគោរព ឬអនុវត្តតាមកាលវិភាគរបស់អ្នកឱ្យបានច្បាស់លាស់។ ការគេងជារឿងដែលសំខាន់ មនុស្សគ្រប់គ្នាអាចមានដំណើរការគិតបានល្អ អាស្រ័យទៅនឹងការគេងបានគ្រប់គ្រាន់ដែរ។ ប្រសិនបើអ្នកគេងពុំបានគ្រប់គ្រាន់ខួរក្បាលរបស់អ្នកនឹងដំណើររហូត ព្រោះគ្មានពេលសម្រាក។ ដូច្នេះការគេងជាអាទិភាពសម្រាប់សុខភាពខួរក្បាល។

ខាងលើនេះគ្រាន់តែជាគន្លឹះមួយចំនួនដែលនិស្សិតបានចួបប្រទះ ប៉ុន្តែសង្ឃឹមថាវាអាចជាប្រទីប ឬជាផ្លូវបង្ហាញត្រួសៗទៅកាន់និស្សិតឆ្នាំមូលដ្ឋានឱ្យបានដឹង និងត្រៀមខ្លួនដើម្បីសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ដើម្បីឱ្យការសិក្សារបស់ខ្លួនឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង ដោយមិនបណ្ដែតបណ្ដោយពេលវេលា ចោល អាចថាដោយសារតែពុំបានត្រៀមខ្លួនឱ្យបានត្រឹមត្រូវ។ ការសិក្សានៅថ្នាក់មហាវិទ្យាល័យទាមទារឱ្យមានការខិតខំប្រឹងប្រែង និងអត់ធ្មត់ជាចាំបាច់ ប្រសិនបើអ្នកអាចតស៊ូបានអ្នកនឹងជោគជ័យក្នុងការសិក្សា៕