សករាជថ្មីក្នុងការព្យាបាលជំងឺមេតាបូលីក ជាមួយបច្ចេកទេសទំនើបនៅកម្ពុជា!
រាជធានីភ្នំពេញ៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សមាគមធំពីរ គឺសមាគមគ្រូពេទ្យបេះដូងកម្ពុជា (CHA) និង សមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) បានសហការជាមួយក្រុមហ៊ុនឱសថ Getz Pharma Cambodia បានរៀបចំសន្និសីទវេជ្ជសាស្រ្ដក្រោមប្រធានបទ “នវានុវត្តន៍ នៃការព្យាបាលជំងឺមេតាបូលិក នៅក្នុងសម័យថ្មី (Innovating a New Era of Metabolic Care)” ដោយមានការចូលរួមពី អ្នកជំនាញសុខាភិបាលទាំងក្នុង និងក្រៅប្រទេស ប្រមាណ ២០០ នាក់ ដែលមានឯកទេសជាច្រើន រួមមាន ឯកទេសបេះដូង ទឹកនោមផ្អែម និងក្រពេញ ក្រពះពោះវៀន សួត តម្រងនោម និងឯកទេសផ្សេងៗជាច្រើនទៀត។ សន្និសីទដ៏មានសារៈសំខាន់នេះ ផ្តោតសំខាន់លើការធ្វើបច្ចុប្បន្នភាពវេជ្ជសាស្រ្ដ និងវិធីសាស្ត្រព្យាបាលសម្រាប់គ្រប់គ្រងជំងឺបេះដូង-តម្រងនោម និងមេតាបូលិក (Cardio-renal-metabolic) ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធិភាពព្យាបាលសម្រាប់អ្នកជំងឺនៅទូទាំងប្រទេស។






ថ្លែងនៅក្នុងសន្និសីទនេះ ឯកឧត្តម សាស្ត្រាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា (CHA) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការ និងនវានុវត្តន៍ក្នុងការលើកកម្ពស់វិស័យសុខាភិបាល។ លោកសាស្រ្តាចារ្យបានគូសបញ្ជាក់ថា ការពង្រឹងការផ្លាស់ប្តូរចំណេះដឹងវេជ្ជសាស្ត្រ និងការទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ គឺជារឿងចាំបាច់បំផុតក្នុងការបង្កើនកម្រិតស្តង់ដារនៃការព្យាបាលជំងឺបេះដូង និងមេតាបូលិកនៅកម្ពុជា ដែលចុងក្រោយ ផ្តោតលើការព្យាបាលអ្នកជំងឺជាចម្បង (Patients Centered Care)។ ជាមួយគ្នានេះដែរ ឯកឧត្តម សាស្រ្តាចារ្យជំនួយ ស៊ុ សត្ថា ប្រធាន សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) បានបញ្ជាក់ថា ការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺមេតាបូលិក ត្រូវការវិធីសាស្ត្រព្យាបាលសមស្រប និងផ្អែកលើភស្តុតាង ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនគុណភាពជីវិតអ្នកជំងឺ។
នៅក្នុងឱកាសសន្និសីទនោះ លោក ឡុង អមតៈ អគ្គនាយកក្រុមហ៊ុន Getz Pharma Cambodia បានបញ្ជាក់ថា ក្រុមហ៊ុនបានប្រតិបត្តិការនៅកម្ពុជាជាង ១៩ឆ្នាំ ដោយមានចក្ខុវិស័យច្បាស់លាស់ គឺក្លាយជាក្រុមហ៊ុនឱសថឈានមុខគេ និងមានទំនុកចិត្តខ្ពស់បំផុត នៅកម្ពុជា ដោយផ្តោតលើការយកចិត្តទុកដាក់លើសុខភាពប្រជាជន និងការលើកកម្ពស់វិស័យថែទាំសុខភាពតាមរយៈគុណភាពឱសថ និងនវានុវត្តន៍។ ដោយផ្អែកលើចក្ខុវិស័យនេះ ក្រុមហ៊ុន Getz Pharma បាននាំមកនូវ ឱសថថ្មី Sem-P (Semaglutide) និង Tirzee (Tirzepatide) ដែលជាប្រភេទឱសថសម័យថ្មី GLP-1 RA និង GLP-1/GIP សម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែម និងមេតាបូលិក ជាមួយបច្ចេកវិទ្យាទំនើបលើកដំបូងគេនៅប្រទេសកម្ពុជា ដែលមានទម្រង់ជា ប៊ិកចាក់ (Pre-filled Pen) និងប៊ិកចាក់ដោយស្វ័យប្រវត្តិ (Pre-filled Pen Auto-Injection) ងាយស្រួលប្រើប្រាស់សម្រាប់អ្នកជំងឺ។ ផលិតផលទាំងអស់ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Getz Pharma ជាបុត្រសម្ព័ន្ធ Getz Group USA ដែលអនុលោមតាមស្តង់ដារ GMP ទទួលស្គាល់កម្រិតសកលដោយស្ថាប័នអន្តរជាតិរួមមាន WHO, PIC/S, cGMP, EAEU, ISO 9001:2008, ISO 14001 និងវិញ្ញាបនបត្រ LEED ដើម្បីធានានូវកម្រិតសុវត្ថិភាព គុណភាព និងភាពជឿជាក់ខ្ពស់បំផុត។
សូមជម្រាបថា សន្និសីទនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់សមាគមទាំង២ និងវិស័យឯកជន ក្នុងការជំរុញអោយមាននវានុវត្តន៍ និងលើកកម្ពស់គុណភាពថែទាំអ្នកជំងឺនៅកម្ពុជា។











