ជប៉ុនប្រកាសអាសន្ន ថាអាចកើតមានគ្រោះរញ្ជួយកម្រិតខ្ពស់លើកទី២ ក្រោយព្រមានពីរលកយក្សស៊ូណាមិ
អាជ្ញាធរជប៉ុនបានប្រកាសការប្រុងប្រយ័ត្នខ្ពស់ ដោយព្រមានថាអាចមានការរញ្ជួយដីដ៏ខ្លាំងបន្ថែមទៀត បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រ Iwate Prefecture កាលពីល្ងាចថ្ងៃចន្ទ ហើយបង្កឱ្យមានការព្រមានបន្ទាន់អំពីរលកយក្សស៊ូណាមិអាចឡើងដល់កម្ពស់ប្រហែល ៣ ម៉ែត្រ។

តាមការបញ្ជាក់របស់ Japan Meteorological Agency និងការិយាល័យគណៈរដ្ឋមន្ត្រី ការព្រមានពិសេសត្រូវបានចេញសម្រាប់ទីក្រុងចំនួន ១៨២ ចាប់ពី Hokkaido ដល់ Chiba Prefecture ដោយអាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមខ្លួនជម្លៀសចេញ និងរៀបចំផែនការសុវត្ថិភាពរួមទាំងផ្លូវរត់គេចខ្លួន និងវិធីទំនាក់ទំនងជាមួយសមាជិកគ្រួសារ។
ស្ថានីយទូរទស្សន៍ NHK បានរាយការណ៍ថា មានមនុស្សពីរនាក់រងរបួស រួមមានបុរសវ័យ ៨០ ឆ្នាំ និងស្ត្រីវ័យ ២០ ឆ្នាំ។ ក្រៅពីនេះ អគារមិនមែនលំនៅដ្ឋានចំនួន ២៦ រួមទាំងសាលារៀន និងភោជនីយដ្ឋាន ត្រូវបានខូចខាតនៅ Aomori។
អាជ្ញាធរបានបញ្ជាក់ថា ការរញ្ជួយដីនេះកើតឡើងនៅជម្រៅប្រហែល ២០ គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្ត Iwate។
ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ អាជ្ញាធរបានចេញការព្រមានអំពីគ្រោះរលកយក្សស៊ូណាមិ ដោយបញ្ជាក់ថា អាចមានរលកខ្ពស់ដល់ទៅ ៣ ម៉ែត្រ វាយប្រហារតំបន់ឆ្នេរសមុទ្រនានា។ អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋនៅតំបន់ហានិភ័យធ្វើការជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព និងតាមដានព័ត៌មានផ្លូវការជាបន្តបន្ទាប់។
ដោយឡែក អាជ្ញាធរជប៉ុនបានព្រមានថា ការរញ្ជួយដីបន្ថែម (aftershocks) អាចកើតមានក្នុងរយៈពេលបន្តបន្ទាប់ ហើយបានអំពាវនាវឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការការពារហានិភ័យនៃគ្រោះមហន្តរាយបន្ថែម។
ប្រភព៖ BBC















