គម្រោង Let’s Read Asia លើកកម្ពស់ការអានរបស់កុមារកម្ពុជា


ដោយ៖ ផាត់ គឹមឆែ

ក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ សាលាត្រូវបានបិទ ប៉ុន្តែការរៀនសូត្ររបស់កុមារនៅតែត្រូវបានបន្តតាមរយៈទូរសិក្សា។ បណ្ណាល័យផ្សេងៗក៏ត្រូវបានបិទ តែតម្រូវការក្នុងការអានរបស់កុមារនៅតែសំខាន់ និងចាំបាច់មិនថាស្ថិតក្នុងបរិបទណាក៏ដោយ។ ដូច្នេះដើម្បីជាការចូលរួមលើកកម្ពស់ការអានរបស់កុមារ ស្ថាបនិកបណ្ណាគារមយូរា-សៀវភៅកម្ពុជា បានសហការជាមួយនឹងគម្រោងមួយដែលមានឈ្មោះថា Let’s Read Asia និងបណ្ដាញអ្នកលក់សៀវភៅមួយក្រុម ធ្វើការជ្រើសរើស និងបោះពុម្ពសៀវភៅចំនួន ៥ ចំណងជើងដែលមានដូចជា តាំតាំ ល្ពៅស្បែកគ្រើម ១២ខែ ពពកចេះច្រណែន និងព្រះចន្ទអឹមអៀន ដើម្បីឲ្យកុមារទទួលបានការអាននៅផ្ទះ ប្រកបដោយប្រសិទ្ធភាព។

តាមរយៈការសម្ភាសជាមួយស្ថាបនិក បណ្ណាគារមយូរា-សៀវភៅកម្ពុជា បងស្រី ទាវ បណ្ដូល បានចែករំលែកជាមួយ BRANDMEDIA ថា៖

បងស្រី ទាវ បណ្ដូល

ពិតណាស់សព្វថ្ងៃនេះ រដ្ឋបានយកចិត្តទុកដាក់លើវិស័យអប់រំយ៉ាងខ្លាំង ដោយពង្រឹងគុណភាពនៃការអប់រំ ក៏ដូចជាមានការផ្ដល់នូវសៀវភៅសម្រាប់រៀន ប៉ុន្តែដោយមើលឃើញពីសារៈសំខាន់យ៉ាងខ្លាំងនៃការអានចំពោះកុមារទូទៅនៅកម្ពុជា និងជាការសម្រួលដល់ការសិក្សាពីចម្ងាយរបស់កុមារ និងបន្ទុករបស់ឪពុកម្ដាយក្នុងការ​បង្រៀនកូន យើងបានសហការជាមួយគម្រោង Let’s Read Asia ដើម្បីលើកទឹកចិត្ត​និងបំផុសគំនិតឲ្យកាន់តែផុសផុល ឲ្យកុមារទទួលបានចំណេះដឹង និងការរៀនសូត្រដំណើរការបានរលូន។​ គោលដៅចម្បងនៃការផ្សព្វផ្សាយនេះ គឺដើម្បីឲ្យឪពុកម្ដាយ ឬអាណាព្យាបាលបង្កើតទម្លាប់អានដល់កូនៗ បង្កើនចំណេះដឹង ឲ្យពួកគាត់មានយល់ដឹងខ្ពស់ មានអនាគតល្អប្រសើរ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះធនធានមនុស្សសម្រាប់ប្រទេសយើងផងដែរ។

ការរៀននៅសាលា មានបណ្ណាល័យ មានសៀវភៅល្អៗជាច្រើន ដែលអាចឲ្យកុមារបានអានពង្រីកចំណេះដឹង ប៉ុន្តែកាលៈទេសៈនេះ តម្រូវឲ្យរៀននៅតាមផ្ទះ ដូចនេះការអានរបស់កុមារអាចថមថយ។ ការអានសៀវភៅ អេឡិចត្រូនិច ក៏ពុំមែនជាជម្រើសល្អសម្រាប់ក្មេងនោះឡើយ។ នៅទីក្រុងភាគច្រើនឪពុកម្ដាយរបស់គាត់មានលទ្ធភាពក្នុងការទិញសៀវភៅសម្រាប់កូនសិក្សានៅផ្ទះ ប៉ុន្តែក្មេងៗមួយចំនួននៅតាមខេត្ត អាចនឹងមិនមានលទ្ធភាពគ្រប់គ្រាន់នោះទេ។ ប៉ុន្តែការអប់រំ ​មិនមែនត្រូវការតែចំពោះអ្នកមានធនធានទេ កុមារក្រីក្រក៏គួរទទួលបានសៀវភៅល្អៗដើម្បីរៀនអានដែរ ហេតុនេះ គម្រោងនេះមានការផ្ដល់ជូនពិសេសគឺ រាល់ការជាវសៀវភៅមួយឈុត នឹងទទួលបានសៀវមួយក្បាលដើម្បីបរិច្ចាគទៅមូលនិធិកុមារកម្ពុជា។ មិនត្រឹមតែឲ្យកូនៗទទួលបានចំណេះដឹងតែប៉ុណ្ណោះទេ  ទន្ទឹមនឹងនេះក៏ជាការជួយដល់កុមារដែលខ្វះលទ្ធភាព​នឹងកំពុងត្រូវការសៀវភៅរៀនផងដែរ។

ស្ថាបនិកបណ្ណាគារមយូរា-សៀវភៅកុមារ រូបនេះ ក៏បានបន្តថា៖ «ខ្ញុំមានការរីករាយ និងភ្ញាក់ផ្អើល ដែលគម្រោងនេះទទួលបានការគាំទ្រពីមាតាបិតា​ អាណាព្យាបាលរបស់កុមារ លើការជាវសៀវភៅដល់កូនៗទាំងនៅតាមរាជធានី និងបណ្ដាខេត្តនានា។ ហើយនៅពេលខាងមុខនឹងមានគម្រោងបន្តបន្ទាប់ទៀត ដែលគម្រោងនេះជាការបរិច្ចាគសៀវភៅដល់កុមារៗ ដែលជាតម្រូវការចាំបាច់សម្រាប់រៀនសូត្រ និងផ្ដល់ដល់ដៃពួកគាត់ មួយផ្នែកទៀតជាការគាំទ្រ និងលើកទឹកចិត្តឲ្យកុមារស្រឡាញ់ការអាន ព្រោះសៀវភៅជាឃ្លាំងនៃចំណេះដឹង។