|

កាណាដា បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ព្រមានប្រឆាំងនឹងការវាយលុកដីទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលនៅលីបង់!


ប្រទេសលីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ Hezbollah ដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់ បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើអ៊ីស្រាអែល។ Hezbollah បានអះអាងថា ការវាយប្រហារនេះមានគោលបំណងសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី ដែលត្រូវបានសម្លាប់នៅថ្ងៃដំបូងនៃសង្គ្រាមដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងអាវុធធ្ងន់ទៅលើគោលដៅនៅក្នុងប្រទេសលីបង់ ដែលតាមអាជ្ញាធរលីបង់បានបញ្ជាក់ថា បានបណ្តាលឱ្យមនុស្សជាង ៨៨០នាក់ស្លាប់។ លើសពីនេះ មនុស្សជាង ១លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ខណៈជាង ១៣០,០០០នាក់កំពុងរស់នៅក្នុងជម្រកបណ្ដោះអាសន្ន។

ក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងប្រាំ បានលើកឡើងថា «ការវាយលុកលើដីទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នឹងនាំឱ្យមានផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ និងអាចធ្វើឱ្យជម្លោះបន្តអូសបន្លាយ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសលីបង់កំពុងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងរួចទៅហើយ ជាពិសេសការផ្លាស់ទីលំនៅដ៏ធំធេងរបស់ប្រជាជន។

ជាមួយគ្នានេះ ប្រទេសទាំងនោះបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងប្រទេសលីបង់ និងបានអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មពីភាគីអ៊ីស្រាអែល និងលីបង់ ដើម្បីចរចារកដំណោះស្រាយនយោបាយប្រកបដោយចីរភាព។

ប្រភព៖ Reuters