|

ពលរដ្ឋខ្មែរជិត ៣ពាន់គ្រួសារនៅខេត្តបន្ទាយមានជ័យ នៅបន្តជាប់គាំងនៅទីទួលសុវត្ថិភាព ខណៈយោធាថៃបន្តរំលោភបំពានបទឈប់បាញ់


ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថានភាពមនុស្សធម៌នៅតាមបណ្តោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យ នៅតែបន្តមានភាពតានតឹងខ្លាំង ទោះបីជាបទឈប់បាញ់ត្រូវបានប្រកាសក៏ដោយ។

ជាមួយគ្នានោះ ព័ត៌មានផ្លូវការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានបង្ហាញជូនអង្គទូតនៃប្រទេសចំនួន២៣ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរជិត ១ម៉ឺននាក់ នៅមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ ដោយសារការហ៊ុមព័ទ្ធដោយលួសបន្លា និងទូកុងតឺន័រពីសំណាក់យោធាថៃ។

យោងតាមការបញ្ជាក់របស់ឯកឧត្តម  អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងអំឡុងពេលការចុះបំពេញបេសកកម្មអង្កេតការណ៍ ដែលដឹកនាំដោយ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា ការឈ្លានពានលើកទី២ បានកើតឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ដោយឡែក ស្ថានភាពបច្ចុប្បន្ន បើទោះបីជាមានបទឈប់បាញ់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏យោធាថៃនៅតែបន្តប្រើប្រាស់ទូកុងតឺន័រ និងរាយលួសបន្លាព័ទ្ធយកដីលំនៅឋានរបស់ជនស៊ីវិលខ្មែរ ជាពិសេសនៅតំបន់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន។ 

របាយការណ៍នោះបានគូសបញ្ជាក់ពីតួលេខដ៏គួរឱ្យបារម្ភនៃប្រជាពលរដ្ឋដែលរងគ្រោះចំនួនសរុប ២.៩៤៤គ្រួសារ (ស្មើនឹងមនុស្សជាង ១០.០០០នាក់) កំពុងស្នាក់នៅទីទួលសុវត្ថិភាព ដែលរួមមានទាំងក្រុមងាយរងគ្រោះ ក្នុងនោះមានស្ត្រីប្រមាណជាង ៦.០០០ នាក់ និងកុមារជាង ៣.៥០០នាក់។

គ្រួសារដាច់ដោយឡែក ក្រៅពីអ្នកនៅមណ្ឌលសុវត្ថិភាព នៅមានពលរដ្ឋចំនួន ៣៦០គ្រួសារផ្សេងទៀតកំពុងជ្រកកោននៅផ្ទះសាច់ញាតិ ដោយសារផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លាញ ឬរងការរំលោភបំពាន។

បច្ចុប្បន្ន ពលរដ្ឋរងគ្រោះកំពុងត្រូវបានដាក់ឱ្យស្នាក់នៅបណ្តោះអាសន្នតាមបណ្តាមណ្ឌលសំខាន់ៗរួមមាន  ស្រុកព្រះនេត្រព្រះ មណ្ឌលវត្តខ្ចាស (ឃុំបុស្បូវ)  ស្រុកថ្មពួក មណ្ឌលវត្តកណ្ដោល និងតំបន់ជុំវិញ (ឃុំគោករមៀត) ស្រុកអូរជ្រៅ មណ្ឌលវត្តចាន់ស៊ី (ឃុំកូប) និងស្រុកស្វាយចេក ផ្នែកខ្លះនៃតំបន់សុវត្ថិភាពក្នុងស្រុកជាដើម។

នៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ការពិតនេះ មានការចូលរួមពីបណ្តាអង្គទូតមហាអំណាច និងប្រទេសសំខាន់ៗជាច្រើនដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ជប៉ុន រុស្សី ឥណ្ឌា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ បន្ថែមពីនេះ ក៏មានអង្គការអន្តរជាតិធំៗចំនួនពីរចូលរួមដែរ គឺអង្គការ FAO (អង្គការស្បៀងអាហារ និងកសិកម្ម) ដើម្បីវាយតម្លៃលើសន្តិសុខស្បៀង និងការបាត់បង់ដីកសិកម្ម និងអង្គការ IOM (អង្គការទេសន្តរប្រវេសន៍អន្តរជាតិ) ដើម្បីពិនិត្យលើស្ថានភាពរស់នៅ និងការផ្លាស់ទីលំនៅដោយបង្ខំរបស់ពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា នេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពកម្ពុជា និងជាវិបត្តិមនុស្សធម៌ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ពីសហគមន៍អន្តរជាតិ ដើម្បីឱ្យប្រជាពលរដ្ឋស្លូតត្រង់អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅលើដីកំណើតរបស់ខ្លួនវិញបានក្នុងសន្តិភាព៕

ប្រភព៖ ក្រសួងព័ត៌មាន