ឈ្វេងយល់អំពីពាក្យ ពុទ្ធសករាជ គ្រិស្តសករាជ ចុល្លសករាជ និងមហាសករាជ


ដោយ៖ សន ស្រីពេជ្រ

យើងឃើញស្រាប់ហើយថា ក្នុងប្រតិទិនប្រទេសកម្ពុជាយើងនិយមបោះពុម្ពផ្សព្វផ្សាយ និងប្រើប្រាស់មានដាក់សករាជផង ពុទ្ធសករាជផង គ្រិស្តសករាជផង ចុល្លសករាជផង និងមហាសករាជផង។ តើពាក្យទាំងនេះមានដើមកំណើត ក៏ដូចជាអត្ថន័យយ៉ាងដូចម្ដេច?

បើយោងតាមវចនានុក្រមសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណ សករាជ គឺជាការរាប់ថ្ងៃ ខែ ឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលកត់ទុកតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៍អស្ចារ្យណាមួយដែលពួកជនានុជន អ្នកគោរពត្រូវការកត់ត្រាទុកកុំឱ្យបាត់ ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើមដោយបង្កើនមួយលេខ១រៀងរាល់ឆ្នាំ។

ផ្អែកតាម សៀវភៅវិញ្ញាសាវប្បធម៌ទូទៅ សាស្រ្តាចារ្យ សាំង សុភាព ពុទ្ធសករាជ គឺរាប់ ថ្ងៃ ខែដោយយកព្រះពុទ្ធសាសនាជាគោល។ ក្នុងការរាប់ចំនួន ថ្ងៃ ខែ ឆ្នាំនេះគេចាប់ផ្ដើមតាំងពី១ថ្ងៃបន្ទាប់ពីព្រះសម្មាសម្ពុទ្ធសមណគោតមជាព្រះមរមគ្រូទ្រង់បរិនិព្វាន។ ព្រះសមណគោតមជាព្រះបរមគ្រូទ្រង់បរិនិព្វានថ្ងៃ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ឆ្នាំមុនគ្រិស្ដសករាជ។ ដូច្នេះ ពុទ្ធសករាជ ត្រូវបានគេបង្កើតឡើងចាប់ពីថ្ងៃពុធ ១រោច ខែពិសាខ ឆ្នាំម្សាញ់ មុនគ្រិស្តសករាជ ៥៤៣ឆ្នាំ និងត្រូវបានគេប្រើរហូតដល់សព្វថ្ងៃនេះ។

បើតាម សៀវភៅវិញ្ញាសាវប្បធម៌ទូទៅរបស់សាស្រ្តាចារ្យសាំង សុភាពដដែល គ្រិស្តសករាជ ត្រូវបានគេប្រើនៅសម័យអាណានិគមនិយមបារាំង នៅឆ្នាំ១៨៦៣ រហូតមកដល់បច្ចុប្បន្ន។ គ្រិស្តសករាជ គឺជាការរាប់ថ្ងៃ ខែ ឆ្នាំដោយយកគ្រិស្តសាសនាជាគោល។ ថ្ងៃ ខែ ឆ្នាំតាមគ្រិស្ដសករាជត្រូវបានចាប់ផ្ដើមរាប់តាំងពីថ្ងៃដែលព្រះយេស៊ូប្រសូត្រ គឺតាំងពីថ្ងៃ២៥ ខែធ្នូ ៥៤៣ឆ្នាំក្រោយពុទ្ធសករាជ។

បន្ថែមពីនេះទៀតយោងតាម វចនានុក្រមខ្មែរ ភាគទី២ ទំព័រ៧៩៧ បានឱ្យដឹងថា គ្រិស្តសករាជនេះ គេបង្កើតឡើងតាមនាមនឹងពង្សាវតានៃសាស្ដាម្នាក់ឈ្មោះ យេស៊ូ ឬ យេស៊ូវ – គ្រិស្ត (Jésus ou Jésus – Christ) ជាអ្នកបង្កើតលទ្ធិ ឬសាសនាមួយ ហៅថាសាសនាគ្រិស្ដ «Religion Chretienne» ក្នុងកាលសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ (ព. ស. ៥៤២) ។ ពិតមែនតែព្រះយេស៊ូ – គ្រិស្ត ទទួលមរណភាពក្នុង ព. ស. ៥៧៥ ក្នុងអាយុគម្រប់ ៣៣ ឆ្នាំ តែគេបានតាំងសករាជនោះគិតពីថ្ងៃដែលសាស្តានេះកើត គឺក្នុង ព. ស. ៥៤២ ហៅថា គ្រិស្តសករាជ សរសេរអក្សរសង្ខេបថា គ. ស. គឺសករាជដែលគេនិយមប្រើក្នុងប៉ែកខាងអឺរ៉ុប និងប្រទេសអាស៊ីជាច្រើន ក្នុងសម័យសព្វថ្ងៃនេះ។

មហាសករាជ  គឺជាសករាជធំកើតឡើងអំពីជនមួយពួក តាត៌ រស់នៅតំបន់មួយខាងទិសពាយព្យ ប្រទេសឥណ្ឌា ដែលបានចូលលុកលុយវាតអំណាចក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច កាលពុទ្ធសករាជ ៦២១ ហើយបានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនព្រះនាម សកៈ ឬ សាលិវាហនៈ ឱ្យគ្រងរាជនៅទីនោះ។ ស្ដេចសកៈ ក៏តាំងការរាប់ឆ្នាំពីមួយរៀងមក ហើយដែលចំណេរតមកហៅថា មហាសករាជ។ ក្នុងព្រះរាជពង្សាវតារខ្មែរ ព្រះបាទសម្ដេចព្រះ អរិដ្ឋិពល ពាហនា (ព្រះកេតុមាលា) បានតាំងមហាសករាជទី១ ក្នុងកាលពុទ្ធសករាជ ៦២១ ឬឆ្នាំ៧៩ នៃគ្រិស្តសករាជជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ នេះបើយោងតាមសៀវភៅវិញ្ញាសាវប្បធម៌ទូទៅ សាស្រ្តាចារ្យ សាំង សុភាព។

ដោយឡែក ចុល្លសករាជ គឺជាសករាជតូចតាមព្រះរាជពង្សាវតារខ្មែរ ដែលសម្ដេចបទុមស្រីសុរិយវង្សបានតាំងចុល្លសករាជទី១ ក្នុងពុទ្ធសករាជទី១ ក្នុងពុទ្ធសករាជ ១១៨៣ គឺត្រូវនឹងថ្ងៃ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ឬឆ្នាំ៦៤០ នៃគ្រិស្ដសករាជ។

ប្រសិនបើអ្នកចង់ជ្រាបច្បាស់សូមពិនិត្យមើលតារាងខាងក្រោម៖

ឈ្មោះសករាជប្រភេទសករាជព្រឹត្តិការណ៍កាលបរិច្ឆេទការបង្កើត ឬនាំចូលមកកម្ពុជា
ពុទ្ធសករាជសាសនាព្រះពុទ្ធព្រះពុទ្ធបរិនិព្វាន៥៤៣ឆ្នាំមុនគ្រិស្តសករាជ១ថ្ងៃក្រោយព្រះពុទ្ធ បរិនិព្វាន
គ្រិស្ដសករាជសាសនាគ្រិស្តព្រះយេស៊ូប្រសូតិ៥៤៣ឆ្នាំក្រោយគ្រិស្តសករាជថ្ងៃព្រះយេស៊ូប្រសូតិនាំចូលដោយពួកអាណានិគមបារាំង
មហាសករាជសករាជធំស្ដេចសកៈ ឬសាលិវាហនៈនៃពួកតាតិឡើងគ្រងរាជនៅឥណ្ឌាប៉ែកខាងលិចព.ស.៦២១ ឬគ.ស.៧៩បង្កើតដោយស្ដេចសកៈនៃពួកតេត៌នាំចូលដោយព្រះកេតុមាលា
ចុល្លសករាជសករាជតូច ព.ស.១១៨៣        ឬគ.ស.៦៤០ស្ដេចបទុមស្រីសុរិយោវង្ស

ប្រភព៖ សៀវភៅវិញ្ញាសាវប្បធម៌ទូទៅ សាស្រ្តាចារ្យ សាំង សុភាព

            វចនានុក្រមសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណ

            វចនានុក្រមខ្មែរ ភាគ១ និងភាគ២