ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងប្រាសាទព្រះវិហារដែលកូនខ្មែរគួរចងចាំ
ដោយ៖ សន ស្រីពេជ្រ
ភ្នំពេញ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះជាខួប១៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។
ចំពោះព្រឹត្តិការណ៍សំខាន់ៗរបស់ប្រាសាទព្រះវិហារមានដូចខាងក្រោម៖
- ឆ្នាំ១៩៥៤ កងទ័ពថៃ បានចូលកាន់កាប់ប្រាសាទព្រះវិហារ ពោលគឺ១ឆ្នាំបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីសាធារណរដ្ឋបារាំង។
- ថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ កម្ពុជា ដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលាការអន្តរជាតិក្រុងឡាអេ ប្រទេសហូឡង់។
- ថ្ងៃទី២៦ ឧសភា ឆ្នាំ១៩៦១ តុលាការក្រុងឡាអេ បានចេញសេចក្តីសម្រេចច្រានចោលបណ្តឹងជំទាស់របស់ថៃ ហើយប្រកាសថា តុលាការមានសមត្ថកិច្ចពេញលេញក្នុងការជំនុំជម្រះលើបណ្តឹងរបស់កម្ពុជា។
- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារ ត្រូវបានសាលក្រមតុលាការអន្តរជាតិ នៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារលើភាគីថៃ ដែលនេះជាការបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត របស់សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។
- ឆ្នាំ ១៩៩២៖ ដោយសារខ្មែរក្រហមដណ្តើមកាន់កាប់ប្រាសាទព្រះវិហារពីរដ្ឋាភិបាល ដូច្នេះក្នុងឆ្នាំដដែលនេះ ប្រាសាទព្រះវិហារត្រូវបានបិទមិនឱ្យមានអ្នកទេសចរចូលទស្សនា។
- ឆ្នាំ១៩៩៨៖ ក្រោយពីរដ្ឋាភិបាលបានដណ្តើមការគ្រប់គ្រងពីក្រុមខ្មែរក្រហម ប្រាសាទព្រះវិហារត្រូវបានបើកឱ្យមានអ្នកទេសចរចូលទស្សនាសារជាថ្មី។
- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១៖ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ។
- ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦៖ បញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។
- ថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០០៦៖ ក្រុមបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិ វាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបន់ប្រាសាទព្រះវិហារ។
- ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧៖ យល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS (The International Council on Monuments and Sites)។
- ថ្ងៃទី២៣ ខែមិថុនា-ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧៖ កិច្ចប្រជុំលើកទី៣១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅហ្គ្រីសឆឺច(Christchurch) ប្រទេសណូវែលហ្សេឡង់។
- ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៖ ប្រាសាទព្រះវិហារ ត្រូវបានអង្គការវប្បធម៌ពិភពលោក យូណេស្កូ សម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។
- ១សប្តាហ៍ក្រោយមក គឺនៅថ្ងៃទី១៥កក្កដា ឆ្នាំ២០០៨ កងទ័ពថៃ បានចូលមកឈ្លានពានប្រាសាទព្រះវិហារសារជាថ្មី ដែលបណ្តាលឱ្យមានការផ្ទុះអាវុធរវាងកងទ័ពទាំង២ ជាបន្តបន្ទាប់។
- ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១០៖ កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក ដើម្បីសូមអន្តរាគមន៍ពីអង្គការសហប្រជាជាតិឱ្យមានយន្តកម្មអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃមុំជាប់ប្រាសាទព្រះវិហារ។ ថៃបានបង្កើតផែនទីជាឯកតោភាគីមានទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួន ផែនទីនេះខុសបញ្ច្រាសទាំងស្រុងពីសាលក្រមតុលាការអន្តរជាតិដែលមានន័យថា ប្រាសាទព្រះវិហារស្ថិតលើទឹកដីខ្មែរ និងដែនអធិបតេយ្យភាពរបស់កម្ពុជា។
- ចុងឆ្នាំ ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ។
- ថ្ងៃទី១១ វិច្ឆិកា ២០១៣ តុលាការនោះ បានបើកសវនាការជាសាធារណៈ ដោយប្រកាសសេចក្តីសម្រេចឱ្យកម្ពុជាឈ្នះក្តី និងបានបង្គាប់ឱ្យភាគីថៃដកទ័ពចេញពីព្រំដែនជម្លោះ នៅត្រង់តំបន់ជុំវិញប្រាសាទព្រះវិហារ។
យ៉ាងណាមិញ ព្រឹត្តិការណ៍រៀបរាប់ខាងលើ គ្រាន់តែជាព្រឹត្តិការណ៍សង្ខេបប៉ុណ្ណោះដែលពួកយើងបានសិក្សាស្រាវជ្រាវទាំងនៅលើប្រភពជាតិ និងអន្តរជាតិ។ ប្រិយមិត្តអាចចូលទៅអានខ្លឹមសារលម្អិតបន្ថែមនៃសាលដីកាបកប្រែផ្លូវការ តាមរយៈតំណភ្ជាប់នេះ។
គួររំឭកផងដែរថា ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋ កុលបុត្ត កុលធីតាខ្មែរគ្រប់រូប ចាំបាច់ត្រូវតែថែរក្សា ការពារនូវសម្បត្តិវប្បធម៌ដ៏អច្ឆរិយមួយនេះ ទុកជាកេរតំណែលជាដរាបរៀងទៅ។ ការសិក្សាអំពីប្រវត្តិរបស់ខ្លួន ក៏ដូចជា ភាពលេចធ្លោរបស់ប្រាសាទព្រះវិហារឱ្យបានច្បាស់ ជាចំណុចមួយដ៏សំខាន់ និងពុំគួររំលង ដើម្បីចូលរួមលើកតម្កើង និងផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិឱ្យជាតិសាសន៍ដទៃបានដឹងពីភាពអស្ចារ្យរបស់ប្រាសាទព្រះវិហារយើង និងមរតកខ្មែរជាច្រើនទៀត។ ប្រាសាទព្រះវិហារ មិនត្រឹមតែផ្ដល់មោទកភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ថែមទាំងបានផ្ដល់នូវផលប្រយោជន៍មួយចំណែកធំដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការទស្សនាពីភ្ញៀវជាតិ និងជនបរទេស មកកាន់ប្រាសាទនេះផងដែរ៕
កែសម្រួលដោយ៖ BRANDMEDIA