ការកំណត់គោលដៅយកនិទ្ទេស A


ដោយ៖ ចាក ចន្ទី

តាមរយៈការសិក្សាស្រាវជ្រាវចំពោះអតីតសិស្សនិទ្ទេស A ជាច្រើនរូបកន្លងទៅ បានបង្ហាញពីគន្លឹះដែលធ្វើឱ្យពួកគាត់ជាប់និទ្ទេសល្អបែបនេះ ដែលអាចទាញជារួមមួយលើកយកមកបង្ហាញសម្រាប់សិស្សថ្នាក់ទី១២ រួមមានទម្លាប់ល្អៗដូចជា៖

១. ការកំណត់គោលដៅ៖ ជាដំបូងយើងត្រូវសួរខ្លួនឯងជាមុនសិនថា តើចង់បាននិទ្ទេសអ្វី? យើងប្រាកដជាឆ្លើយថាចង់បាននិទ្ទេស A ហើយ យើងត្រូវសួរខ្លួនឯងទៀតថាត្រូវត្រៀមលក្ខណៈ និងអនុវត្តបែបណាទើបអាចទទួលបាននិទ្ទេសបែបនេះ?

២. រៀបចំកាលវិភាគសិក្សាឱ្យបានត្រឹមត្រូវ៖ ត្រូវចេះចាត់ចែងពេលវេលាឲ្យបានច្បាស់លាស់ ហើយសួរខ្លួនឯង? មុខវិជ្ជាណាដែលយើងចេះហើយ ហើយមុខវិជ្ជាណាដែលយើងមិនទាន់ចេះច្បាស់ យើងត្រូវរៀនថែមម៉ោងចំពោះមុខវិជ្ជាណាដែលយើងមិនទាន់ចេះច្បាស់។ ការអនុវត្តលំហាត់ជារៀងរាល់ថ្ងៃ យើងត្រូវបន្ថែមម៉ោងអនុវត្តទៅលើមុខវិជ្ជាណាដែលមិនទាន់ចេះច្បាស់។ ចំពោះមុខវិជ្ជាទន្ទេញវិញ យើងត្រូវបន្ថែមម៉ោងអានឲ្យបានច្រើនដង រួចទន្ទេញជារៀងរាល់ថ្ងៃទៅលើមុខវិជ្ជាណាដែលមិនទាន់ចាំច្បាស់។

៣. អនុវត្តជារៀងរាល់ថ្ងៃ និងរំឭកឡើងវិញ៖ យើងត្រូវរៀនធ្វើលំហាត់ និងទន្ទេញមេរៀនជារៀងរាល់ថ្ងៃ។ ជាដំបូងយើងត្រូវទន្ទេញរូមមន្តឱ្យចាំសិន បន្ទាប់មកត្រូវរៀនធ្វើលំហាត់ដែលយើងបានមកពីសាលារាល់ថ្ងៃនិងលំហាត់រៀនគួរ ព្រមទាំងលំហាត់ក្នុងសៀវភៅពុម្ពត្រូវធ្វើឲ្យបានច្រើន ដើម្បីឲ្យស្គាល់ពីវិធីដោះស្រាយឲ្យកាន់តែច្បាស់។ ការអានមេរៀនដែលគ្រូបានសង្ខេបក្នុងថ្នាក់ ឱ្យយល់ជាមុន ហើយចាំទន្ទេញតាមក្រោយក៏ជាចំណុចពុំគួររំលងដែរ ហើយបូកផ្សំនឹងការអានមេរៀនក្នុងសៀវភៅពុម្ពឱ្យអស់ រួចកត់ត្រាចំណុចសំខាន់ៗទៀតគឺកាន់តែប្រសើរ។

៤. រៀនធ្វើវិញ្ញាសាដែលធ្លាប់ចេញឆ្នាំមុនៗ៖ ត្រូវអនុវត្តលំហាត់ចាស់ៗដែលធ្លាប់ចេញកាលពីឆ្នាំមុនៗឱ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើទៅបាន ព្រោះភាគច្រើនគេគ្រាន់តែប្តូរលេខ និងទម្រង់លំហាត់បន្តិចបន្តួចតែប៉ុណ្ណោះ។ រីឯមុខវិជ្ជាសរសេរវិញ ភាគច្រើនចេញសំណួរស្រដៀងគ្នា ពេលខ្លះគេក៏យកសំណួរចាស់ៗយកមកចេញម្តងទៀតដែរ។ កាលពីបាក់ឌុបឆ្នាំ២០១៨ មុខវិជ្ជាប្រវត្តិវិទ្យាថ្នាក់សង្គម ភាគច្រើនយកវិញ្ញាសាចាស់ៗ មកចេញម្តងទៀត។

៥. ត្រូវដឹងមុខវិជ្ជាណាខ្លាំង មុខវិជ្ជាណាខ្សោយ៖ យើងត្រូវស្វែងយល់ពីខ្លួនឯងឱ្យច្បាស់ថា ឥឡូវមុខវិជ្ជាណាដែលចេះច្បាស់ ហើយមុខវិជ្ជាណាដែលនៅស្ទាក់ស្ទើរ បើយើងដឹងរួចហើយ គឺត្រូវតែរៀនអនុវត្តបន្ថែមទៅលើមុខវិជ្ជាណាដែលចេះស្ទាក់ស្ទើរ។

៦. តាមដានសកម្មភាពសិក្សាជារៀងរាល់ថ្ងៃ៖  យើងត្រូវសួរខ្លួនឯងថា តើសកម្មភាពដែលខ្ញុំបានអនុវត្តជារៀងរាល់ថ្ងៃនេះ សាកសមនឹងទទួលបាននិទ្ទេសអ្វី? សកម្មភាពយើងបែបណា និទ្ទេសយើងក៏បែបហ្នឹងដែរ ដូច្នេះហើយយើងត្រូវតាមដានសកម្មភាពសិក្សារបស់យើងឲ្យមែនទែន។

៧. មុនពេលប្រឡង៖ មុនពេលប្រឡង១ខែ យើងត្រូវសង្ខេបមេរៀនដោយខ្លួនឯង ជាពិសេសត្រូវសរសេរដោយផ្ទាល់ដៃទើបល្អ ងាយចាំដៃ និងចងចាំបានល្អ។ យករូមមន្តទាំងអស់មកមើលម្តងទៀត មើលលំហាត់ណាដែលអាចធ្វើបានត្រូវធ្វើឡើងវិញទាំងអស់ ព្រមទាំងធ្វើវិញ្ញាសាចាស់ៗឲ្យបានច្រើន។ មុនពេលប្រឡង១អាទិត្យ ត្រូវមើលត្រួសៗឲ្យបានសព្វគ្រប់ កុំបង្ខំរៀនដល់យប់ជ្រៅពេក ត្រូវថែសុខភាពកុំឱ្យឈឺ តាំងចិត្តឱ្យមាំកុំរងសម្ពាធថាធ្វើអត់បាន លើកទឹកចិត្តខ្លួន និងជឿជាក់លើខ្លួនឯង។

ទាំងអស់នេះគ្រាន់តែជាទស្សនៈ និងការសិក្សាស្រាវជ្រាវផ្ទាល់របស់យើង ដោយឡែកទាក់ទងនឹងវិធីសាស្រ្ត ឬក្បួនសិក្សា អាចខុសៗគ្នាទៅតាមបរិបទរបស់បុគ្គលអ្នកសិក្សាម្នាក់ៗ។ ការត្រៀមខ្លួនរបស់អតីតសិស្សនិទ្ទេស A ជាច្រើនរូប ត្រូវបានយើងបានស្រាវជ្រាវ និងដកស្រង់ត្រួសៗ ក៏ដូចជាគន្លឹះសំខាន់ៗដាក់បញ្ចូលនៅក្នុងអត្ថបទមួយនេះ ដើម្បីចែកជូនសិស្សានុសិស្សនានា ពិសេសសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងឆ្នាំនេះ។ សង្ឃឹមថា សិស្សានុសិស្សគ្រប់កម្រិត នឹងខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានភាពជោគជ័យទៅតាមក្តីប្រាថ្នា។

យ៉ាងណាមិញមិត្តៗអ្នកអានដែលជាអតីតសិស្សនិទ្ទេស A ឬសិស្សពូកែ ឬនិស្សិតទូទៅដែលមានបច្ចេកទេសផ្សេងទៀតក្នុងការក្រេបយកចំណេះដឹង អាចចែករំលែកជាទស្សនៈទានជូនប្អូនៗជំនាន់ក្រោយតាមរយៈប្រអប់បញ្ចេញយោបល់របស់យើងបាន៕

កែសម្រួលដោយ៖ BRANDBODIA