|

កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំអង្គការយូណេស្កូពិនិត្យលើបញ្ហានេះដោយយកចិត្តទុកដាក់


នៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា បានស្នើសុំអង្គការយូណេស្កូស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ សូមពិនិត្យជាទូទៅលើបញ្ហាពាក់ព័ន្ធនឹង សំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ជាមួយការយកចិត្តទុកដាក់ខ្ពស់។

តាមរយៈខ្លឹមសារក្នុងលិខិតដែលបានផ្សាយនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទ អង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមរយៈលោកជំទាវ ភឿង សកុណា បានជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹង សំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សា ជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV-Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។

លោកជំទាវបានបន្តថា «ទោះបីយើងខ្ញុំបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែ បន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។»

ក្នុងន័យនេះ កម្ពុជាបានស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់។