រាជធានីភ្នំពេញបានបិទបញ្ចប់ការបិទខ្ទប់ តែចំនួនអ្នកឆ្លងនៅមិនទាន់ថមថយ


ដោយ៖ ង៉ាយ ណៃ

នៅថ្ងៃទី២៦ ខែឧសភានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន៦៦០ករណី ក្នុងនោះ៣៤ករណីជាករណីនាំចូល។ បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បានរកឃើញអ្នកជាសះស្បើយថ្មីចំនួន៧៥០ករណី និងអ្នកស្លាប់ថ្មីចំនួន៧ករណី។ នេះបើតាមក្រសួងសុខាភិបាល។

បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន២៦,៩៨៩ករណី ឈរនៅលំដាប់លេខ៧ ជាប្រទេសមានអ្នកឆ្លងច្រើនបំផុតនៅតំបន់អាស៊ាន។ ហើយអ្នកវិជ្ជមានទាំងនោះ ភាគច្រើនលើសលុប សុទ្ធតែមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមានតែ៧៦៣ករណីប៉ុណ្ណោះជាករណីនាំចូល។

រីឯករណីស្លាប់វិញ គិតត្រឹមថ្ងៃជាមួយគ្នានេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុប១៩០។ តួលេខនេះខ្ពស់ជាងប្រទេសក្បែរខាង វៀតណាមនិងឡាវ តែទាបជាងប្រទេសថៃដែលមានអ្នកស្លាប់រហូតដល់៨៣២ករណី។

ទោះបីចំនួនអ្នកឆ្លងកូវីដ-១៩ នៅមិនទាន់ថមថយយ៉ាងណក៏ដោយ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាល កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ បានសម្រេចបិទបញ្ចប់បម្រាមគោចរហាមឃាត់ការធ្វើដំណើរនៅចន្លោះម៉ោង៨យប់-៣ព្រឹក និងអនុញ្ញាតឱ្យអាជីវកម្មលក់ដូរមួយចំនួនដំណើរការឡើងវិញក្នុងតំបន់លឿងនៃភូមិសាស្រ្តរាជធានីភ្នំពេញ។ 

គ្រប់ផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ឬ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។ ជាមួយគ្នានេះ ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញក៏នឹងត្រូវបានបិទបញ្ចប់ផងដែរ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ។

ប៉ុន្តែ បើតាមអភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ៖«រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបានអនុញ្ញាតនៅក្នុងសេចក្ដីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់។»

ចំណែកអាជីវកម្ម និងសេវាកម្មកម្សាន្តផ្សេងទៀតដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូ​និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសិល្បៈសម្ដែង សារមន្ទីរ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ដែលមិនទាន់មានគោលការណ៍អនុញ្ញាតដូចក្នុងសេចក្ដីសម្រេចនេះ ត្រូវបន្តផ្អាកដំណើរការជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី៕

រូបភាព៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ