តារាបូលីវូតដ៏ល្បី GAGAN Malik (តួសម្តែងជាព្រះពុទ្ធ) បានក្លាយជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក


នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ចូលជួបសម្តែងការគួរសម និងការស្នើសុំគំាទ្រ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោកពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ។

ក្នុងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា និងផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះ ដោយ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តតែងតាំងលោក GAGAN Malik ជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌា។

គួរបញ្ជាក់ថា Gagan Malik គឺជាតារាសម្តែងឥណ្ឌា និងជាសកម្មជនព្រះពុទ្ធសាសនាមួយរូប។ កាលពីពេលកន្លងទៅ លោក Gagan Malik បានឈ្នះពានរង្វាន់តារាសម្តែងល្អបំផុតនៅក្នុងមហោស្រពភាពយន្តព្រះពុទ្ធសាសនាពិភពលោកដែលរៀបចំដោយអង្គការសហប្រជាជាតិសម្រាប់តួនាទីរបស់គាត់ជាព្រះអង្គម្ចាស់ Siddhartha ក្នុងខ្សែភាពយន្ត Sri Siddhartha Gautama នៅ Sri Lankan Sinhala ។