|

បិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតឱ្យដំណើរការអាជីវកម្មលក់ដូរគ្រប់ប្រភេទឡើងវិញ ចាប់ពីថ្ងៃទី២២ ខែឧសភាតទៅ


ដោយ៖ ង៉ាយ ណៃ

អភិបាល នៃគណៈអភិបាលអភិបាលរាជធានីភ្នំពេញបានសម្រេចបិទបញ្ចប់បម្រាមគោចរហាមឃាត់ការធ្វើដំណើរនៅចន្លោះម៉ោង៨យប់-៣ព្រឹក និងអនុញ្ញាតឱ្យអាជីវកម្មលក់ដូរគ្រប់ប្រភេទដំណើរការឡើងវិញក្នុងតំបន់លឿងនៃភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២២ ខែឧសភាស្អែកនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែឧសភានេះ បានរៀបរាប់ថា៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានសម្រេចចេញបិទបញ្ចប់បម្រាមគោចរនៅក្នុងតំបន់លឿង ដែលធ្លាប់បានហាមឃាត់ជាបណ្ដោះអាសន្ន នូវរាល់ចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនៅចន្លោះម៉ោង ៨យប់-៣ព្រឹក។ គ្រប់ផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ឬ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។ ជាមួយគ្នានេះ ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញក៏នឹងត្រូវបានបិទបញ្ចប់ផងដែរ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ដែរថា៖«រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបានអនុញ្ញាតនៅក្នុងសេចក្ដីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់។»

ចំណែកអាជីវកម្ម និងសេវាកម្មកម្សាន្តផ្សេងទៀតដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូ​និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសិល្បៈសម្ដែង សារមន្ទីរ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ដែលមិនទាន់មានគោលការណ៍អនុញ្ញាតដូចក្នុងសេចក្ដីសម្រេចនេះ ត្រូវបន្តផ្អាកដំណើរការជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី៕