|

ក្រុមការងារសម្រាប់គ្រប់គ្រង ផ្ដល់គោរមងារ និងដកហូតគោរមងារឧកញ៉ាត្រូវបានបង្កើតឡើង


ដោយ៖ ចាក ចន្នី

កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្ដល់គោរមការឧកញ៉ា និងការដកហូតគោរមឧកញ៉ា។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។

ក្រុមការងារអន្តរក្រសួងនេះត្រូវបានបង្កើតឡើងដោយមានលោក ប៊ុន ហុង រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានតំណាងទីស្ដីការគណៈរដ្ឋមន្ត្រីជាអនុប្រធាន។ ក្រុមការងារនេះមានតួនាទីស្នូលក្នុងការសិក្សាស្រាវជ្រាវ ផ្ដួចផ្ដើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្ដល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ បន្ថែមពីនេះ ក្រុមការងារដែលទើបត្រូវបានបង្កើតឡើងថ្មីនេះ មានមុខងារក្នុងការសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា និងសិក្សាអំពីសិទ្ធ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម។

តាមវចនានុក្រុមសម្ដេចសង្ឃ ជួន ណាត ឧកញ៉ាគឺពាក្យប្រើជាឋានន្តរស័ក្ដិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទី ព្រះសម្ដៅសេចក្ដីប្រាថ្នា «អ្នកចេះត្រួតត្រាមុខការក្នុងក្រសួង ឬនាទីរបស់ខ្លួន។ ម្យ៉ាងវិញទៀត ឧកញ៉ា ត្រូវបានគេស្គាល់ថាជាគោរមងារសម្រាប់បុគ្គលណា ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួនក្នុងបរិមាណកំណត់ ដើម្បីកសាងសមិទ្ធផលជាប្រយោជន៍ដល់សង្គមជាតិ។ នៅកម្ពុជា ដើម្បីទទួលបានគោរមងារជា«ឧកញ៉ា» សប្បុរសជនត្រូវបរិច្ចាគអំណោយជូនរដ្ឋដែលមានតម្លៃលើសពី៥០ ម៉ឺនដុល្លារអាមេរិកឡើងទៅ។ នេះបើតាមអនុក្រឹត្យមួយ ចុះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧កន្លងទៅ៕