| | | |

តុក្កតាយក្សចំនួន៩ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប


ក្រុមការងារគម្រោងតុក្កតាយក្ស ដែលជាប្អូនៗកុមារមកពីអង្គការផ្សេងៗ នៃគម្រោងតុក្កតាយក្ស បាននឹងកំពុងមមាញឹក លើការងាររៀបចំដំឡើងរូបតុក្កតាយក្ស ត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំ ក្នុងក្រុងសៀមរាប នាពេលខាងមុខនេះ ដែលជាព្រឹត្តិការណ៍បង្កើតភាពទាក់ទាញដល់អ្នកទេសចរ និងដើម្បីបង្ហាញពីការឆ្នៃប្រឌិតរបស់កុមារកម្ពុជា ព្រមទាំងបង្ហាញពីអត្ថន័យនៃរូបភាពនីមួយៗ។

លោក អ៊ុន សាវ៉ាន់ តំណាងក្រុមការងារតុក្កតាយក្ស បានឱ្យដឹងថា ការដង្ហែក្បួនតុក្កតាយក្សនៅឆ្នាំ២០២៥ មានចំនួន៩តុក្កតា ដែលធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយមានអ្នកចូលរួមដង្ហែជាង ១.០០០នាក់ ដើម្បីបង្ហាញដល់អ្នកទេសចរជាតិអន្ដរជាតិឱ្យបានឃើញពីស្នាដៃរបស់កុមារកម្ពុជា ហើយក៏ជាការបង្កើតនូវព្រឹត្តិការណ៍ថ្មីៗ ជាការទាក់ទាញដល់អ្នកទេសចរ។ ចំពោះរូបភាពតុក្កតាយក្សដែលគ្រោងដង្ហែនៅឆ្នាំនេះ បានរៀបចំជាតុក្កតាតួអង្គទេវកថារបស់ខ្មែរចំនួន ៩តួអង្គ ដែលមានរឿងរាវនៅតាមប្រាសាទបុរាណ ដូចជារូបព្រះគិណេស ចម្លាក់សត្វតោនៅប្រាសាទសំបូរព្រៃគុក រូបទេពសុវណ្ណមច្ឆា សត្វកែណរី និងរូបគ្រុឌជាដើម ដែលប្រវែង៥ម៉ែត្រឡើងទៅ។

លោកក៏បានបង្ហាញថា ព្រឹត្តិការណ៍មួយឆ្នាំមានម្ដងនេះ នឹងជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញដល់អ្នកទេសចរ ហើយក៏សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រួមនឹងសាធារណជនទូទៅ ចូលរួមជួយគាំទ្រ ដើម្បីលើកទឹកចិត្ដដល់ប្អូនៗកុមារដែលបានចូលរួមក្នុងការងារនេះ។ លោកថា ក្បួនដង្ហែតុក្កតាយក្ស នឹងផ្ដើមចេញដំណើរនៅវេលាម៉ោង៦ល្ងាច ពីរង្វង់មូលវត្តដំណាក់ តាមបណ្ដោយដងស្ទឹងសៀមរាប ឆ្ពោះទៅកាន់សួនច្បារព្រះរាជដំណាក់។ ក្រោយដង្ហែរួច តុក្កតាយក្សនឹងរក្សាទុកនៅទីនោះផ្ទាល់ នៅមន្ទីរពេទ្យកុមារទាំងពីរ និងតាមសណ្ឋាគារមួយចំនួនទៀត៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប