យុវជន៖ ពេជ្រដែលកម្ពុជាមាន ពុំគួរមើលរំលង


អត្ថបទដោយ៖ សារិ សៀងម៉េង

“ពេជ្រដែលកម្ពុជាមាន ពុំគួរមើលរំលង”

១. សេវាសាធារណៈជប៉ុន Vs សីលធម៌ និងសុជីវធម៌ខ្មែរ
២. បរិស្ថានជប៉ុន Vs រចនាបថខ្មែរ

ក្រោយដកពិសោធន៍ ពីការសិក្សា និងបែបបទរស់នៅក្នុងដែនកោះជប៉ុន ក៏លេចចេញជាទស្សនៈផ្ទាល់ខ្លួនបែបប្រយោជន៍រួមមួយ ចង់ចូលរួមចែកជូនជាទស្សនទាន។

១. សេវាសាធារណៈជប៉ុន Vs សីលធម៌ និងសុជីវធម៌ខ្មែរ៖ នរណាៗដែលបានអញ្ជើញទៅ ប្រាកដជាបានជ្រាប (ពុំមែនជ្រាបខោ)។ ភាពរាក់ទាក់ កាយវិការទន់ភ្លន់ ស្នាមញញឹម និងពាក្យសម្តីពិរោះពិសាមកកាន់ភ្ញៀវ អតិថិជន ឬបុគ្គលគោលដៅក្លាយជាភាពប្លែកខុសពីគេ (unique) ឬវប្បធម៌មួយ ដែលអ្នកផងរាល់គ្នា គ្រាន់តែក្រឡេក ច្បាស់ជាពោលថា នោះជាជប៉ុន។

តាមពិតទៅ វាពុំមែនជារឿងប្លែកនោះទេសម្រាប់ខ្មែរ ដោយហេតុថា ទាំងនេះសុទ្ធសឹងហៅថាជាសីលធម៌ និងសុជីវធម៌ដែលខ្មែរមានតាំងពីបូរាណកាលមក។

យើងសង្កេតឃើញថា នៅមានកន្លែងមួយចំនួនតូច (តាមការិយាល័យសាធារណៈ ឬទីកន្លែងលក់ដូរជាដើម) អ្នកបម្រើសាធារណៈ (ពោលអ្នកដែលត្រូវជួបនិយាយជាមួយភ្ញៀវផ្ទាល់) ហាក់ពុំបានយករបស់ដែលខ្មែរមានស្រាប់មកប្រើប្រាស់ និងអនុវត្ត ឬមួយប្រហែលជាពួកគាត់ (មួយចំនួនតូច គឺតូចប្រហែលអាតូម) ពុំទាន់យល់ច្បាស់ពីតម្លៃសីលធម៌ និងសុជីវធម៌ខ្មែរខ្លួនឯង ឬយ៉ាងណា?

ជួនកាលពួកគាត់ (មួយចំនួនតូច គឺតូចប្រហែលអាតូម) រមែងប្រើប្រាស់ភាសា ឬពាក្យសម្តីមិនសមត្រចៀក ដល់ពេលមានបញ្ហា ពួកគាត់តែងលើកឡើងនូវហេតុផលទីទៃពីគ្នា ហាក់ការពារខ្លួនឯងថាជាអ្នកមិនខុស (ចំណុចនេះ សីលធម៌ និងសុជីវធម៌ក៏ត្រូវតែផ្តើមចេញពីភ្ញៀវ ឬអតិថិជនដូចគ្នា)។

យ៉ាងណាមិញ វប្បធម៌នៃការសំពះឱនលំទោន កាយវិការទន់ភ្លន់ សំដីសំដៅរួសរាយទៅកាន់គ្នាទៅវិញទៅមក គឺជាបែបផែនរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយ។ សូមបន្តវប្បធម៌ដ៏ល្អផូរផង់នេះ ដើម្បីរក្សាអត្តសញ្ញាណខ្មែរ ដែលអ្នកផងរាល់គ្នា គ្រាន់តែក្រឡេក ច្បាស់ជាពោលថា នោះជាខ្មែរ។

២. បរិស្ថានជប៉ុន Vs រចនាបថខ្មែរ (ប្រាសាទបន្ទាយស្រីជាឧទាហរណ៍)៖ មជ្ឈដ្ឋាន (Environment) ថ្មីហើយប្លែកនៃដែនប្រជុំកោះនេះ នឹងធ្វើឱ្យយើងរាល់គ្នាជាអ្នកចំណូលស្រុក ភ្ញាក់ព្រឺត! និងកែទម្លាប់ភ្លាមៗក្នុងការទុកដាក់ វេចខ្ចប់ និងបោះចោលសំរាម។

តាមពិតទៅ វាពុំមែនជារឿងថ្មីពេកទេសម្រាប់យើងជាខ្មែរ ដោយហេតុថា ការចេះទុកដាក់ រៀបចំបែងចែកប្រភេទសំរាម វេចខ្ចប់ និងការបោះចោលសំរាមជាដើម អាចចាត់ចូលជាអំពើ ឬសកម្មភាពនៃការតាក់តែង សម្អិតសម្អាង ឬការរចនា។

យើងសង្កេតឃើញយ៉ាងប្រចក្សអំពីរចនាបថលើប្រាង្គប្រាសាទខ្មែររាប់ពាន់ សុទ្ធសឹងកើតចេញពីការចម្លាក់រចនាដោយហ្មត់ចត់ ប្រកបដោយស្មារតីប្រុងប្រយ័ត្ន នេះបានន័យថា ខ្មែរមានទម្លាប់ផ្ចិតផ្ចង់ មានគំនិតរៀបចំតាក់តែង ទទួលខុសត្រូវ ធ្វើយ៉ាងណាបង្កើតឱ្យមាននូវសោភណភាព។

ក្នុងន័យនេះ ការចេះទុកដាក់ រៀបចំបែងចែកប្រភេទសំរាម វេចខ្ចប់ និងការបោះចោល ប្រាកដណាស់ ទាមទារឱ្យមាននូវលក្ខណៈសម្បត្តិខាងលើ ដោយផ្តើមចេញពីយើងម្នាក់ៗ (ពុំមែនមើលបំណាំគ្នា ឬចង្អុលទៅក្រុមនោះអ្នកផ្តើម ឬអ្នកនោះអ្នកផ្តើមឡើយ)។

យ៉ាងណាមិញ ដើម្បីបង្កើតសោភណភាព មិនថារឿងសំរាម រឿងបរិស្ថាន មជ្ឈដ្ឋានជុំវិញផ្ទះ ឬជុំវិញខ្លួន គប្បីប្រើប្រាស់ទ្រឹស្តីខ្មែរដែលមានស្រាប់ យកមកអនុវត្តដោយផ្ទាល់ (apply) ក្នុងតថភាពជាក់ស្តែង ក្នុងន័យរក្សាតម្លៃជាខ្មែរ អត្តសញ្ញាណខ្មែរ ដែលអ្នកផងរាល់គ្នា គ្រាន់តែក្រឡេក ច្បាស់ជាពោលថា នោះជាខ្មែរ។

“ក្បាច់ចម្លាក់ខ្មែរស្អាតដោយសារខ្មែរចេះផ្ទិតផ្ទង់ ឯបរិស្ថានស្អាតក៏ដោយសារចេះរៀបចំ”

ត្បិតអី! ខាងលើគ្រាន់តែជាទស្សនៈចេញពីជ្រុងមួយ គ្រាន់ចូលរួមជាគំនិតគួរពិចារណា ពិតណាស់ថានៅមានបទពិសោធន៍ និងចំណេះដឹងជាច្រើនទៀត ដែលយើង (ពិសេសយុវជន) អាចស្វែងយល់ រៀនសូត្រ និងយកជប៉ុនជាគំរូ (ពេលខ្លះយើងក៏មានជារបស់យើង ប៉ុន្តែយើងពុំបានចាប់អារម្មណ៍ ឬមើលរំលង ឬពុំស្គាល់គុណតម្លៃខ្លួនឯងជាដើម)។

រូបភាព៖ seattletimes, tianshu-liu