ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ មេដាយមាសរបស់វីរកីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ធ្វើឱ្យមហាសន្និបាតរបស់ខេមរសហព័ន្ធតេក្វាន់ដូនៅឆ្នាំនេះកាន់តែមានអត្ថន័យ
នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានអញ្ជើញជាអធិបតី ក្នុងមហាសន្និបាតបញ្ចប់ អាណត្តិទី៦ (២០២០-២០២៤) និងបន្តអាណត្តិទី៧ (២០២៤-២០២៨) របស់ខេមរសហព័ន្ធតេក្វាន់ដូ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ស្ថាប័ន KUKKIWON ប្រចាំកម្ពុជា ដោយមានការចូលរួមពី លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ ឯកឧត្តម លោកជំទាវ ប្រតិភូខេមរសហព័ន្ធតេក្វាន់ដូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃខេមរសហព័ន្ធតេក្វាន់ដូ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ នៅក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេសចំពោះកីឡាតេក្វាន់ដូនេះផ្ទាល់ និងបានលើកឡើងពីកំណែទម្រង់វិស័យកីឡាក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដែលចាប់ផ្ដើមពីការកែលម្អបរិស្ថាន ធានាបាននូវសន្តិសុខនិងសុវត្ថិភាពសម្រាប់អ្នកហាត់កីឡា ក៏ដូចជារៀបចំឱ្យមានការប្រកួតកម្រិតអន្តរជាតិ ដូចជា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដែលប្រព្រឹត្តបានរលូនល្អ ចូលរួមចំណែកលើកស្ទួយសាធារណជនឱ្យស្រឡាញ់វិស័យកីឡា ជាពិសេសបន្តជំរុញចលនា”យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” របស់រាជរដ្ឋាភិបាល។
សម្រាប់កីឡាតេក្វាន់ដូនេះផ្ទាល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកកាលពីឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលបានមេដាយសរុបចំនួន ២៨៤ គ្រឿង ឈរលំដាប់លេខរៀងទី៤ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១១ ក្នុងអំឡុងពេលនោះដែរ វីរកីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសជូនជាតិនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលធ្វើឱ្យមហាសន្និបាតនាពេលនេះកាន់តែមានអត្ថន័យ និងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់អត្តពលិកកម្ពុជា គ្រូបង្វឹក និងការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធតេក្វាន់ដូ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកពាក់ព័ន្ធនៃខេមរសហព័ន្ធតេក្វាន់ដូ ដែលសម្រេចបានសមិទ្ធផលនាពេលកន្លងមកនេះ និងលើកទឹកចិត្តដល់គ្រូបង្វឹកកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែង ប្រកាន់ខ្ជាប់នូវវិន័យក្នុងការហ្វឹកហាត់ឱ្យបានល្អ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ និងជាពិសេសត្រៀមឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នា ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
ប្រភព៖ MoEYS