ដំណឹងល្អ! អ្នកទិញលំនៅឋានគ្រប់ប្រភេទដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ និងអ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម២១ម៉ឺនដុល្លារ ត្រូវលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥!
នេះជាប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃអង្គារ ទី២៦ វិច្ឆិកា ២០២៤។
សម្ដេច បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ប្រជាជនដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី និងត្រៀមជាម្ចាស់អចលនទ្រព្យថ្មីក្នុងបុរី៖ ១/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាសលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីនិងមានតម្លៃក្រោម ៧ម៉ឺនដុល្លារ និង២/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី សម្រាប់ម្ចាស់អចលនទ្រព្យក្នុងបុរីដែលជាអ្នកទិញលើកដំបូង និងមានតម្លៃក្រោម២១ម៉ឺនដុល្លារ។
សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា ការធានានិរន្តរភាពនៃវិស័យអចលនទ្រព្យ និងការដោះស្រាយវិវាទបុរី គឺជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនៅការលើកទឹកចិត្តផ្សេងៗ ជាពិសេសការលើកទឹកចិត្តផ្នែកពន្ធដារ៕