មន្ទីរពេទ្យមួយនៅឥណ្ឌា បង្ខំចិត្តដាក់អ្នកជំងឺកូវីដ-១៩ ពីរនាក់ព្យាបាលនៅលើគ្រែតែមួយ
ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ មន្ទីរពេទ្យដ៏ធំបំផុតមួយក្នុងប្រទេសឥណ្ឌា សម្រេចបង្ខំចិត្តដាក់អ្នកជំងឺពីរនាក់សម្រាកព្យាបាលនៅលើគ្រែតែមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី១៥ ខែមេសានេះ។
មន្ទីរពេទ្យ Lok Nayak Jai Prakash ដែលជាមន្ទីរពេទ្យព្យបាលអ្នកជំងឺកូវីដធំបំផុតមួយក្នុងប្រទេសឥណ្ឌា មានបំពាក់គ្រែសម្រាប់ទទួលអ្នកជំងឺត្រឹមតែជាង១៥០០គ្រែប៉ុណ្ណោះ។ ហើយនៅថ្ងៃព្រហស្បតិ៍ ទី១៥ នេះ អ្នកជំងឺកូវីដ-១៩ ជាច្រើនបានសម្រុកមកទទួលយកការព្យាបាលយ៉ាងភ្លូកទឹកភ្លូកដី ក្រោយប្រទេសឥណ្ឌាប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី រហូតដល់ជាង២សែននាក់នៅក្នុងថ្ងៃជាមួយគ្នានេះ។
បើតាមសេចក្ដីរាយការណ៍របស់ Channel News Asia អ្នកជំងឺខ្លះបានធ្វើដំណើរមកមន្ទីរពេទ្យតាមរយៈរថយន្តក្រុង ឬកង់បី ពីព្រោះរថយន្តសង្គ្រោះខាងមន្ទីរពេទ្យគ្មានលទ្ធភាពដឹកអ្នកជំងឺទាំងអស់នោះបានទេ។ តាមសេចក្ដីរាយការណ៍ដដែល ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល ក៏មានទារកទើបនឹងកើតម្នាក់ផងដែរ។
លោក Suresh Kumar ប្រធានផ្នែកឱសថសាស្រ្តនៃមន្ទីរពេទ្យ Lok Nayak Jai Prakash បាននិយាយថា៖«ពួកយើងពិតជាមានការលំបាកយ៉ាងខ្លាំង។ ហើយយើងក៏បានធ្វើការងារអស់ពីសមត្ថភាពហើយដែរ។»
«ដំបូងយើងមានគ្រែបម្រុង៥៤គ្រែ ឥឡូវនេះមន្ទីរពេទ្យបានបន្ថែមចំនួនរហូតដល់ជាង៣០០គ្រែសម្រាប់ត្រៀមព្យាបាលអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ។ តែយ៉ាងណាក៏ដោយ ចំនួននេះនៅមិនទាន់អាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងបាននៅឡើយ។»
ដើម្បីដោះស្រាយបញ្ហានេះ មន្ទីរពេទ្យ Lok Nayak Jai Prakash គ្មានវិធីអ្វី ក្រៅពីការបង្ខំចិត្តដាក់អ្នកជំងឺពីរនាក់ព្យាបាលនៅលើគ្រែតែមួយនោះទេ។
លោក Suresh Kumar ប្រធានផ្នែកឱសថសាស្រ្ត បានបញ្ជាក់ទៀតថា៖«ថ្ងៃនេះ មន្ទីរពេទ្យ Lok Nayak Jai Prakash តែឯង បានទទួលអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន១៥៨ នាក់ ហើយភាគច្រើននៃអ្នកជំងឺ សុទ្ធតែកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់។»
គួររំឭកថា បន្ទាប់ពីបានបិទខ្ទប់ប្រទេសអស់រយៈពេលជិតបីខែកាលពីឆ្នាំមុន រដ្ឋាភិបាលឥណ្ឌាបានសម្រេចបន្ធូរបន្ថយការរឹតត្បិតជាច្រើននៅដើមឆ្នាំ២០២១នេះ បើទោះបីជាបណ្ដាប្រទេសផ្សេងទៀតនៅបន្តអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ យ៉ាងសកម្មក៏ដោយ។
ប្រធានផ្នែកឱសថសាស្ត្រនៃមន្ទីរពេទ្យ Lok Nayak Jai Prakash បានលើកឡើងថា វីរុសបម្លែងខ្លួនថ្មីបានធ្វើឱ្យដំណើរការទប់ស្កាត់ការឆ្លងរាលដាលកាន់តែលំបាក។ ជាមួយគ្នានេះ សកម្មភាពរបស់ប្រជាពលរដ្ឋក៏ជាផ្នែកមួយជំរុញឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ នៅពេលបើកដំណើរការប្រទេសឡើងវិញយ៉ាងដូច្នេះ។
លោក Suresh Kumar បានបង្ហើបថា៖ «ពលរដ្ឋមិនចូលរួមអនុវត្តវិធានការណ៍ទប់ស្កាត់កូវីដ-១៩ ពោលគឺពួគគេគ្មានទំនួលខុសត្រូវទាល់តែសោះ។»៕
រូបភាព៖ REUTERS
ដោយ៖ ង៉ាយ ណៃ