សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការCLV-DTA ក៏ដោយ ក៏ការបន្តអនុវត្តគោលនយោបាយជុំវិញភាគឦសានរបស់កម្ពុជាគឺនៅរក្សាដដែលគ្មានភាពប្រែប្រួល
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងពិសេសមួយ ពាក់ព័ន្ធនឹងការបន្តផែនការអភិវឌ្ឍភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលរួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន។
តាមរយៈសារសំឡេងនេះ សម្ដេចធិបតីបានលើកឡើងថា «កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាពិបាលបានសម្រេចចិត្តបញ្ចប់ការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម(CLV-DTA)មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលេីកជាសំណួរថា បេីរាជរដ្ឋាភិបាលបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការCLV-DTAនេះហេីយ តេីផែនការរបស់រាជរដ្ឋាពិបាលដែលបានដាក់ចេញក្នុងនោះរួមមានការធ្វេីទស្សនកិច្ចតាមបណ្តោយព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលេីការយកចិត្តទុកដាក់ទៅលេីការកសាងផ្លូវក្រវាត់ព្រំដែននិងផែនការអភិវឌ្ឍខេត្តនៅតំបន់ភូមិភាគឦសានរបស់កម្ពុជានៅតែបន្តឬយ៉ាងណា?
សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ខ្ញុំធ្លាប់បាននិយាយនៅក្នុងវេទិការសាធារណ:ជាច្រេីនលេីករួចមកហេីយនាពេលកន្លងទៅ ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការCLV-DTA នេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាននៅប្រទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ព្រោះនេះជាការចង់បានរបស់ប្រជាជនខ្មែរគ្រប់រូបជាពិសេសប្រជាពលរដ្ឋដែលរស់នៅភូមិភាគឦសានផ្ទាល់តែម្តង ហេតុដូច្នេះការបន្តអនុវត្តគោលនយោបាយជុំវិញភាគឦសានរបស់កម្ពុជាគឺនៅរក្សាដដែលគ្មានភាពប្រែប្រួល រួមទាំងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ពន្ធតភ្ជាប់ ជាពិសេសផ្លូវក្រវ៉ាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លេីកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសានឆ្នាំ២០២៥ ដូចខ្ញុំបានប្រកាសកន្លងទៅ នៅតែរក្សាដដែល។»
សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្រៅ និងក្នុងប្រទេស ដែលបានចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដែលគិតមកដល់ពេលនេះមានប្រមាណ ៧០មុឺននាក់ បានស្ម័គ្រចិត្តចូលរួម ហេីយគិតជាថវិកាប្រមាណ២១លានដុល្លារអាមេរិក។ ភាគទានស្ម័គ្រចិត្តដែលទទួលបានទាំងអស់នេះ នឹងត្រូវយកទៅប្រេីប្រាស់នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលផ្តោតលេីការកសាងផ្លូវក្រវ៉ារ់តាមព្រំដែន។