លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២០ (20th AEM-EU Trade Commissioner Consultation)
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២០។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងលោកស្រី MARIA MARTIN-PRAT អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនៃគណៈកម្មាធិការអឺរ៉ុប ក្នុងគោលបំណងតាមដាននិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-សហភាពអឺរ៉ុប ពិភាក្សាលើលទ្ធផលនិងអនុសាសន៍របស់ក្រុមការងារចម្រុះអាស៊ាន-សហភាពអឺរ៉ុបស្តីពីពាណិជ្ជកម្ម និងការវិនិយោគ ផ្លាស់ប្តូរយោបល់លើការវិវត្តសេដ្ឋកិច្ចតំបន់និងសកល ព្រមទាំងធ្វើការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនសហភាពអឺរ៉ុបជាមួយរដ្ឋាភិបាលរបស់រដ្ឋសមាជិកអាស៊ាន។