|

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ បង្ហាញការគាំទ្រ និងចង់ឱ្យមានសាលារៀនគំរូនៅគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជា


ប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកពីកំណែទម្រង់វិស័យអប់រំ ដែលក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តអនុវត្តក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ដែលចាប់ផ្ដើមរួមគ្នាពីការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កែលម្អកម្មវិធីសិក្សានិងសៀវភៅសិក្សាគោល កំណែទម្រង់សាលារៀន និងសាលាគរុកោសល្យ ការរៀបចំនឹងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស អនុវត្តនូវកញ្ចប់អំណានដំបូង និងគណិតដំបូងសម្រាប់ថ្នាក់បឋមសិក្សា ពង្រីកនូវសេវាអប់រំនៅកម្រិតមត្តេយ្យសិក្សា ជាពិសេសការបង្កើតមត្តេយ្យសិក្សាសហគមន៍ ដើម្បីជួយគាំទ្រដល់ខេត្តដែលនៅឆ្ងាយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្រេចឱ្យសាលាគរុកោសល្យខេត្ត រៀបចំទៅជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន ដោយផ្តោតលើការអប់រំពហុភាសា ដើម្បីធានាយ៉ាងណាឱ្យជនជាតិដើមភាគតិច អាចទទួលបានការអប់រំដែលមានគុណភាព ក៏ដូចជាពង្រីកសេវាអប់រំពហុភាសាប្រកបដោយសមធម៌ បរិយាបន្ន និងមាននិរន្តរភាពដល់ជនជាតិដើមភាគតិច ដោយផ្សារភ្ជាប់នឹងភាសាកំណើត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិច ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ភាគីពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ និងចង់ឱ្យមានសាលារៀនគំរូនៅគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជា ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងកំណែទម្រង់វិស័យអប់រំ និងបានរំលឹកដល់វិធានគន្លឹះក្នុងវិស័យអប់រំចំនួន ៤ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីជួយពង្រឹងគុណភាពអប់រំ ដែលក្នុងនោះរួមមាន៖ ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាម សាលារៀន និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាម ពាក្យស្លោក “ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ”៕

ប្រភព៖ MoEYS