ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ក្រសួងមិនហាមឃាត់ការបង្រៀនគួរនោះទេ តែមិនអនុញ្ញាតិឱ្យយកមេរៀនបង្រៀនគួរមកចេញពេលប្រឡងឡើយ
ថ្លែងនៅក្នុងឱកាស អញ្ជើញដឹកនាំក្រុមការងារទស្សនកិច្ច ពិនិត្យវឌ្ឍនភាពការងារអប់រំ ជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ គន្លឹះមួយចំនួនដើម្បីសម្រេចបាននូវស្តង់ដារសាលារៀនគំរូ។
ឯកឧត្តមបានលើកឡើងថា ចំណុចគន្លឹះ គឺត្រូវបង្កើនម៉ោងសិក្សា និងត្រូវបន្តផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សាសិស្ស ដោយត្រូវពង្រឹងការរៀន និងបង្រៀន ឱ្យបានច្រើនម៉ោង និងឈានទៅរៀនពេញមួយថ្ងៃ ដោយជំរុញឱ្យមានការចូលរួមគាំទ្រពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។ ក្រសួងលើកទឹកចិត្តឱ្យសាលារៀនពង្រឹងការបង្រៀន ឬបន្ថែមម៉ោងបង្រៀន ដោយគួរបង្រៀនឱ្យបានយ៉ាងហោចណាស់ឱ្យបាន ៦ម៉ោងក្នុងមួយថ្ងៃ និងស្នើឱ្យបង្រៀនបំប៉នបន្ថែមដល់សិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិរហូតដល់ថ្ងៃប្រឡង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ក្រសួងមិនហាមឃាត់ការបង្រៀនគួរនោះទេ តែមិនអនុញ្ញាតិឱ្យយកមេរៀនបង្រៀនគួរមកចេញពេលប្រឡងឡើយ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានចង្អុលបង្ហាញផងដែរថា ការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម សុទ្ធសឹងទាមទារនូវមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំទើបអាចប្រឡងជាប់ ទទួលបានលទ្ធផល។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃរៀនពេញមួយថ្ងៃ ការបង្រៀនបំប៉នបន្ថែមដល់សិស្សដែលរៀនយឺត ក៏ដូចការចូលរួមគាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឈានទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងការលើកទឹកចិត្តឱ្យបន្តពង្រឹងដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ដោយផ្អែកលើការអនុវត្តសូចនាករស្តង់ដាសាលារៀនគំរូផងដែរ។
ប្រភព៖ MoEYS