តើអង្គភាពណា ស្ថិតក្នុងខេត្តណា នឹងក្លាយជាម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤?


ក្នុងឆ្នាំ២០២៤ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាថ្នាក់ជាតិ បានទទួលសម្រេចគោលការណ៍ ដើម្បីបន្តអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ នៅកម្រិតវិទ្យាល័យ និងសាលាមត្តេយ្យសិក្សាសម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល។

សូមជម្រាបថា កាលពីឆ្នាំ២០២៣ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានទទួលបេក្ខភាពអង្គភាពដែលស្នើឡើងដោយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី-ខេត្ត។ បេក្ខភាពទាំងនោះ រួមមាន៖ អនុវិទ្យាល័យចំនួន៤២ ពី ២២រាជធានី-ខេត្ត, សាលាបឋមសិក្សាចំនួន៤៦ ពី ២៤រាជធានី-ខេត្ត និងមណ្ឌលសុខភាពចំនួន៤៣ ពី ២២រាជធានី-ខេត្ត។ គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ បានពិនិត្យ និងវាយតម្លៃលើសំណុំឯកសារទាំងអស់ និងស្តាប់បទបង្ហាញរបស់អង្គភាពនីមួយៗ និងជ្រើសសម្រាំងអនុវិទ្យាល័យ១៥ សាលាបឋមសិក្សា១៥ និងមណ្ឌលសុខភាព១៥។

ក្រោយមក គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនៃការវាយតម្លៃជ្រើសសម្រាំង និងបានសម្រេចជ្រើសសម្រាំងបេក្ខភាពជ័យលាភីអនុវិទ្យាល័យ១០ សាលាបឋមសិក្សា១០ និងមណ្ឌលសុខភាព១០។ ជាបន្តបន្ទាប់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានចាត់គណៈកម្មការ បច្ចេកទេសអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃ ដល់ទីតាំងជាក់ស្តែងដើម្បីសម្រិតសម្រាំង។ ជាលទ្ធផល អង្គភាព អនុវិទ្យាល័យចំនួន៥ សាលាបឋមសិក្សាចំនួន៥ និងមណ្ឌលសុខភាពចំនួន៥ ដែលមានលំដាប់អាទិភាពខ្ពស់ជាងគេ ត្រូវបានជ្រើសរើស និងបានរៀបចំឱ្យបេក្ខភាពផ្តល់បទបង្ហាញម្តងទៀតជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ លទ្ធផល។ ចុងក្រោយគណៈកម្មការបច្ចេកទេសអន្តរក្រសួង វាយតម្លៃកំណត់ចំណាត់ថ្នាក់អនុវិទ្យាល័យពីលេខ១ ទៅលេខ៥ សាលាបឋមសិក្សាពីលេខ១ ទៅលេខ៥ និងមណ្ឌលសុខភាពពីលេខ១ ទៅលេខ៥ ដើម្បីដាក់ជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី ពិនិត្យសម្រេចចុងក្រោយ។

គួរបញ្ជាក់ថា កម្មវិធីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល គឺជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ កម្មវិធីនេះ ជាការផ្តួចផ្តើមរួមគ្នាដោយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹងអភិបាលកិច្ចអង្គភាពផ្តល់សេវាសាធារណៈ និងជាយន្តការបំពេញបន្ថែមក្នុងការពង្រីកភាពជាគំរូនៃការផ្តល់សេវាសាធារណៈ សម្រាប់វិស័យអប់រំនិងវិស័យសុខាភិបាល៕

ប្រភព៖ ក្រសួងមុខងារសាធារណៈ