ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី “ក្រុមការងារចំពោះកិច្ចដើម្បីរៀបចំគន្លងអប់រំនៅកម្ពុជា”
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី “ក្រុមការងារចំពោះកិច្ចដើម្បីរៀបចំគន្លងអប់រំនៅកម្ពុជា” ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ សរុបប្រមាណ ៣៥រូប។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួន៣ ដូចជា៖ (ទី១). មតិបើកកិច្ចប្រជុំ ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី (ទី២). បទបង្ហាញស្តីពីឯកសារទស្សនទាននៃការរៀបចំប្រព័ន្ធគន្លងអប់រំ សម្រាប់ការអប់រំនៅមធ្យមសិក្សាកម្ពុជា និង (ទី៣). កិច្ចពិភាក្សាលើយន្តការ និងទិសដៅនៃការរៀបចំប្រព័ន្ធគន្លងអប់រំ សម្រាប់ការអប់រំនៅមធ្យមសិក្សាកម្ពុជា ដើម្បីឈានទៅរៀបចំគោលនយោបាយប្រព័ន្ធគន្លងអប់រំប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងចក្ខុវិស័យរាជរដ្ឋាភិបាលឆ្នាំ២០៥០។
រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចដើម្បីរៀបចំគន្លងអប់រំនៅកម្ពុជា ដែលកំណត់ អំពីភារកិច្ចសម្រាប់អនុវត្តដូចជា៖ ១). ពិនិត្យឡើងវិញអំពីប្រព័ន្ធនៃការផ្តល់សេវាអប់រំ និងការបណ្តុះបណ្តាល ២). ពិនិត្យឡើងវិញបទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្តល់សេវាអប់រំ និងការបណ្តុះបណ្តាល ៣). សិក្សាបទពិសោធនៃការរៀបចំគន្លងអប់រំ ពីប្រទេសដទៃ ៤). លើកសំណើជម្រើសសម្រាប់ការរៀបចំគន្លងអប់រំ ៥). សិក្សាផលប៉ះពាល់នៃការរៀបចំគន្លងអប់រំ និង ៦). រៀបចំផែនការ និងវិធានការអនុវត្តគន្លងអប់រំ។
ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងសង្គមសេដ្ឋកិច្ចឌីជថល ទាមទារឱ្យមានការរៀបចំប្រព័ន្ធគន្លងអប់រំមួយច្បាស់លាស់ សម្រាប់ពង្រឹងការអប់រំមធ្យមសិក្សា និងផ្សារភ្ជាប់ទៅនឹងការអប់រំនៅឧត្តមសិក្សា ជាពិសេសទីផ្សារការងារ។ ការរៀបចំ និងកំណត់ទិន្នន័យរបស់សិស្សលើសមត្ថភាព និងទេពកោសល្យក្នុងការសិក្សា ជាពិសេសទិន្នន័យសិស្សមានសមត្ថភាពពិសេស ធម្មតា និងទាប នឹងផ្តល់ឱកាសក្នុងការបំពាក់បំប៉នត្រូវចំគោលដៅ សម្រួចឱ្យកាន់តែខ្លាំង និងតម្រង់ទិសជំនាញឱ្យមានភាពច្បាស់លាស់ សមស្របនឹងសមត្ថភាពទេពកោសល្យរបស់ពួកគេ ដើម្បីអាចឈោងចាប់ឱកាសអាជីពការងារល្អប្រសើរនាពេលអនាគត៕
ប្រភព៖ MoEYS