អ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ១៧៤៨ នាក់ហើយ


អ្នកវិជ្ជមានកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់ ១៧៤៨ នាក់ហើយគិតត្រឹមថ្ងៃ ២៩ ខែមីនា ឆ្នាំ២០២១នេះ។ ក្នុងនោះ ៤០ ករណីថ្មីបន្ថែម ត្រូវបានប្រកាសរកឃើញនៅថ្ងៃនេះ ភាគច្រើនគឺជាពលរដ្ឋខ្មែររស់នៅតាមរាជធានី-ខេត្ត។

ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួនអ្នកវិជ្ជមានកូវីដ-១៩ក្នុងប្រទេសកម្ពុជា បាននិងកំពុងបន្តកើនឡើងជាលំដាប់ ពិសេសក្នុងរយៈពេលចុងក្រោយនេះ។ ជាក់ស្ដែង កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី រហូតដល់១៧៩នាក់ ដែលនេះគឺជាចំនួនច្រើនបំផុតពុំធ្លាប់មានគិតចាប់ពីថ្ងៃប្រកាសរកឃើញដំបូងមក។

តាមរយៈសារជាសម្លេង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖«កម្ពុជាគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យមានសភាពកាន់តែអាក្រក់ជាងនេះ។ តាមការគ្រោងទុក ក្នុងរយៈពេលមួយខែ យើងនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបាន ១លានដូស។»

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២៩ ខែមីនានេះ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ សរុប២២៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបមាន ១១៧២នាក់ អ្នកកំពុងសម្រាកព្យាបាលមាន ១០៨៧នាក់ និងមានករណីស្លាប់ ១១នាក់៕

ដោយ៖ ង៉ាយ ណៃ