កម្ពុជា និងភាគីពាក់ព័ន្ធបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការអប់រំនៅកម្រិតឧត្តមសិក្សា នៅទីក្រុងទីរ៉ាណា ប្រទេសអាល់ប៉ានី
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការអប់រំនៅកម្រិតឧត្តមសិក្សា ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៩ និង៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងទីរ៉ាណា ប្រទេសអាល់ប៉ានី ដោយមានការចូលរួមពីភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ និងឯកឧត្តម ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើបញ្ហាប្រឈមនៃការអប់រំកម្រិតឧត្តមសិក្សា ខណៈដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិនយោបាយ និង សង្គម ជាពិសេស ការកើតឡើងនៃបច្ចេកវិទ្យាសិប្បនិម្មិត ដែលកំពុងតែបង្កផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលដល់ការអប់រំ និងគុណភាពអប់រំជារួម។
កិច្ចពិភាក្សាជាច្រើនត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះ រួមជាមួយនឹងការរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍នានាដែលបញ្ជាក់ជាថ្មីនូវការទទួលស្គាល់ថា ការអប់រំប្រកបដោយគុណភាពដែលជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ហើយជាកន្លែងដែលគោលដៅសកលដើម្បី “ធានាឱ្យមានការអប់រំប្រកបដោយគុណភាព និងសមធម៌រួម និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា” ក្លាយជាការពិត ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG 4) ។
អង្គប្រជុំបានបិទបញ្ចប់ ដោយភាគីពាក់ព័ន្ធបានរួមគ្នាបញ្ជាក់ជាថ្មីនូវការជឿជាក់របស់ខ្លួនថា ឧត្តមសិក្សាត្រូវតែពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ចំពោះសន្តិភាពសកល យុត្តិធម៌ និងសង្គម ការអភិវឌ្ឍន៍សេដ្ឋកិច្ច សុខុមាលភាព និងលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងការតាំងចិត្តពីថ្នាក់ដឹកនាំកំពូលនៃវិស័យនេះ ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ស្ថាប័ន ដើម្បីឱ្យអ្នកសិក្សាអាចអភិវឌ្ឍសមត្ថភាព ដែលពួកគេត្រូវការសម្រាប់ការងារ និងសម្រាប់ជីវិតផ្ទាល់ខ្លួន។ អង្គប្រជុំក៏បានប្តេជ្ញាគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សាក្នុងការបង្កើនការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា រួមទាំងសហគមន៍មូលដ្ឋាន និងនិយោជកផងដែរដើម្បីធ្វើឲ្យប្រសើរឡើងនៃការអប់រំក្នុងកម្រិតឧត្តមសិក្សាសកល។