ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍ឱ្យរៀបចំយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់អត្រាសិស្សប្រឡងជាប់ ឱ្យបានយ៉ាងហោចណាស់ ៨០% ឡើងទៅ
អនុសាសន៍នេះត្រូវបានលើកឡើងក្នយងឱកាសដែល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា អញ្ជើញក្នុងកម្មវិធីទស្សនកិច្ចវិទ្យាល័យ ធនធាន ហ៊ុន សែន ក្រគរ ខេត្តពោធិ៍សាត់ ក្រោមការអនុវត្តគម្រោងអភិវឌ្ឍវិស័យអប់រំនៅមធ្យមសិក្សាទុតិយភូមិ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពី គោលដៅនៃការចុះ មកធ្វើទស្សនកិច្ចនេះ គឺដើម្បីជួយគាំទ្រជំរុញឱ្យវិទ្យាល័យ ហ៊ុនសែន ក្រគរ សម្រេចបានលទ្ធផលសិក្សាតាមសក្តានុពលដែលមាន ដើម្បីធានាបានលទ្ធផលសិក្សាល្អ គឺអាស្រ័យលើកត្តាសំខាន់៤ ៖ សាលារៀន គ្រូវបង្រៀន សិស្ស និងសហគមន៍។ ឆ្លើយតបនឹងគោលដៅនេះ ក្រសួងបានដាក់ចេញស្តង់ដាសាលារៀនគំរូ ៥ ដើម្បីឱ្យសាលាប្រឡងប្រណាំងគ្នាដើម្បីលើកកម្ពស់គុណភាពរៀន និងបង្រៀន ដែលរួមមាន ៖ (ស្ដង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្ដង់ដាទី២)៖ ការបង្រៀននិងរៀន (ស្ដង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្ដង់ដាទី៣)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង (ស្ដង់ដាទី៥)៖ គណនេយ្យភាពរបស់សាលារៀន។
ដើម្បីសម្រេចបាននូវស្តង់ដាសាលារៀនគំរូទាំង៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលចំណុចមួយក្នុងចំណោមនោះ គឺការណែនាំឱ្យរៀបចំយុទ្ធសាស្ត្រដើម្បីលើកកម្ពស់អត្រាសិស្សប្រឡងជាប់ ឱ្យបានយ៉ាងហោចណាស់ ៨០% ឡើងទៅ ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា លទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិ គឺជាសូចនាករសំខាន់ជាងគេក្នុងការវាយតម្លៃ។ អត្រាជាប់ពេលនេះបានប្រមាណជា ៦៩% អត្រាថ្នាក់ជាតិ ៧៥% ដូចនេះត្រូវតែប្រឹងប្រែងបន្ថែមទៀតដើម្បីឡើងឱ្យផុតអត្រាថ្នាក់ជាតិ។ ជាមួយគ្នានេះ ដើម្បឱ្យចំនួនសិស្សប្រឡងជាប់កើនឡើង ត្រូវតែបង្រៀនបំប៉នបន្ថែម ផ្គួបជាមួយវិធីសាស្ត្របង្រៀនថ្មីផងដែរ។
ប្រភព៖ MoEYS