|

ឯកឧត្ដមបណ្ឌិត សោម រតនា ដាក់ជូននូវចំណុចមួយចំនួនពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំនៅកម្ពុជា ក្នុងកិច្ចប្រជុំកំពូលនៃភាគីពាក់ព័ន្ធអាស៊ាន


នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំកំពូលនៃភាគីពាក់ព័ន្ធអាស៊ាន ស្តីពីការបង្កើតបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ (ASEAN Stakeholder Summit on Generative Artificial Intelligence in Education) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណងពិភាក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបច្ចេកវិទ្យា AI និងតួនាទីរបស់វាក្នុងការជួយដល់ការរៀន និងការបង្រៀននៅក្នុងតំបន់ និងជុំវិញពិភពលោក។ កិច្ចប្រជុំកំពូលនេះជាវេទិកាមួយដើម្បីកសាងលើគំនិតផ្ដួចផ្ដើមនាពេលបច្ចុប្បន្នស្ដីពី AI នៅក្នុងការអប់រំ និងដើម្បីផ្ដល់ការគាំទ្របន្ថែមដោយផ្អែកលើតម្រូវការរបស់អ្នកសិក្សា គ្រូបង្រៀន សាលារៀន និងអ្នកពាក់ព័ន្ធនៅតំបន់អាស៊ីអាគ្នេយ៍។ សកម្មភាពនេះក៏ស្របតាមវិស័យអាទិភាពទី៧នៃវិស័យអប់រំ នៅសតវត្សទី២១ របស់អង្គការរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមបណ្ឌិត សោម រតនា បានដាក់ជូនអង្គប្រជុំនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំនៅកម្ពុជា ជាពិសេសការផ្ដោតការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិតនៅក្នុងក្របខណ្ឌសាលាជំនាន់ថ្មី ការបញ្ចូលកម្មវិធីសិក្សានៅក្នុងកម្រិតឧត្ដមសិក្សា ដែលរួមមានមុខវិជ្ជាបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងវិទ្យាសាស្ត្រវិភាគទិន្នន័យ និងការបង្កើតសាកលវិទ្យាល័យសាយប័រនៅកម្ពុជា។ នៅក្នុងបទបង្ហាញ ដែលដាក់ជូនដដែលនោះ ឯកឧត្ដមក៏បានបង្ហាញនូវបញ្ហាប្រឈមជាក់ស្ដែង ដែលកំពុងជួបប្រទះ ដែលទាមទារឱ្យមានការរួមគ្នាដោះស្រាយទាំងក្នុងក្របខណ្ឌប្រទេសដោយឡែក និងជាលក្ខណៈតំបន់ជារួម។

ប្រភព៖ MoEYS