|

ក្រសួងអប់រំ នឹងពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការជ្រើសរើសគ្រូបង្រៀន


នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយលោកនាយក នាយិកាគ្រឹះស្ថានសិក្សា និងចែកសម្ភារសិក្សាដល់សិស្សរៀនពូកែថ្នាក់ទី ៣ ដល់ទី ៦ នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៤។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងបានលើកឡើងអំពីការវិវឌ្ឍន៍ថ្មីៗនៃគោលនយោបាយក្នុងវិស័យអប់រំ ដោយគូសបញ្ជាក់ថារាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអនុវត្តគោលនយោបាយលើកទឹកចិត្តគ្រូបង្រៀន ដំឡើងប្រាក់បៀវត្ស ពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការជ្រើសរើសគ្រូ លើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាលគ្រូ ឆ្ពោះទៅលើកកម្ពស់គុណភាពនៃការបង្រៀន និងលទ្ធផលសិក្សារបស់សិស្ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបានបន្តថា ក្រសួងបានដាក់ចេញនូវគោលនយោបាយ លើកកម្ពស់សុខភាពសិក្សាកុមារតូច ដោយពង្រឹងមូលដ្ឋានគ្រឹះនៃចំណេះដឹង តាមរយៈការអនុវត្តកម្មវធី កញ្ចប់អំណានដំបូង និងកញ្ចប់គណិតដំបូង ជំរុញការបង្កើតឱ្យមានស្តង់ដាបណ្ណាល័យ ដោយលើកទឹកចិត្តសិស្សឱ្យចូលអានឱ្យបានទៀងទាត់ ទន្ទឹមនឹងនេះ ក៏មិនអាចខ្វះបានឡើយនូវការចូលរួមគាំទ្រពីមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការថែទាំសុខភាពកុមារតូច ឱ្យហូបចុកគ្រប់គ្រាន់ មានសុខភាពរឹងមាំទើបរៀនសូត្របានពូកែ និង ត្រូវបញ្ជូនកូនឱ្យទទួលបានការសិក្សានៅកម្រិតមតេ្តយ្យ និងបឋមសិក្សា។

ប្រភព៖ MoEYS